(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធរឿង លួចរថយន្តអ្នកដទៃទៅលក់ក្រោមរូបភាពធ្វើជាអ្នកគក់ជេ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បុរសជាចោរលូចរថយន្តរូបនោះ មានឈ្មោះ កុយ រដ្ឋា ភេទប្រុស ស្នាក់នៅផ្ទះលេខ ៦៣៥ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ករណីនេះបើតាមសមត្ថកិច្ចបានឲ្យដឹងថា ព្រះរាជអាជ្ញា នៅមិនទាន់បានសាកសួរជនសង្ស័យនៅឡើយទេ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ដោយផ្ញើជនសង្ស័យនៅនឹងសមត្ថកិច្ចសិនរង់ចាំបន្តនីតិវិធី នាព្រឹកស្អែក។

សមត្ថកិច្ចបន្ថែមថា សំណុំរឿងនេះគឺជនសង្ស័យ ខាងលើបានលួចយករថយន្តរបស់ជនរងគ្រោះ ម៉ាក Lexus RX300 មួយគ្រឿង ក្រោមរូបភាពធ្វើជាអ្នកគក់ជេរថយន្ត ដោយខ្លីរថយន្តរបស់ជនរងគ្រោះយកទៅឲ្យម៉ូយមើល ស្រាប់តែយកទៅរហូតតែម្តងមិនត្រឡប់មកវិញ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដើមបណ្តឹង ប្តឹងទាមទារលុយថ្លៃរថយន្តដែលបាត់បង់ចំនួន ១២,០០០ដុល្លារ និងសំណូមពរឲ្យតុលាការដាក់ទោសជនសង្ស័យតាមច្បាប់៕