(ស្ទឹងត្រែង)៖ លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សា និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ ចំនួន២៣០គ្រួសារ នៅក្នុងសង្កាត់ចំនួន៣ នៃក្រុងស្ទឹងត្រែង។

នៅក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ លោកអភិបាលខេត្ត បាននាំនូវផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នៅក្នុងសង្កាត់ចំនួន៣ នៃក្រុងស្ទឹងត្រែង រួមមានសង្កាត់ព្រះបាទ សង្កាត់ស្ទឹងត្រែង និងសង្កាត់ស្រះឫស្សី។

លោក ម៉ុម សារឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ ដោយមិនឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ។ ជាក់ស្តែងក្នុងកំឡុងពេលគ្រោះទឹកជនន់នេះ អាជ្ញាធរខេត្តបានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជួយសង្រ្គោះ និងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារបម្រើប្រាស់ផ្សេងៗ និងស្បៀងអាហារជូនដល់បងប្អូនផងដែរ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ ក្រុមយុវជនសប្បុរសធម៌ដើម្បីសង្គម និងតំណាងធនាគារអេស៊ីលីដាសាខាខេត្តស្ទឹងត្រែង ដែលបានចូលរួមជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង ដោយផ្តល់ជាអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅក្នុងក្រុងស្ទឹងត្រែង ចំនួន២៣០គ្រួសារ ដើម្បីជួយសម្រាលការលំបាករបស់ពួកគាត់ ហើយនេះគឺជាកាយវិការនៃកម្លាំងសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែក និងជាគំរូដ៏ល្អប្រពៃសម្រាប់មនុស្សគ្រប់ៗជំនាន់។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់ក្រុមយុវជនសប្បុរសធម៌ដើម្បីសង្គម ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ព្រះបាទ និងសង្កាត់ស្ទឹងត្រែង ដោយក្នុង១គ្រួសារទទួលបាន មី១កេស ត្រីខ១យួរ និងអង្ករ១០គីឡូក្រាម។ ជាមួយគ្នានេះ ក្រុមយុវជនសប្បុរសធម៌ដើម្បីសង្គម ក៏បានឧបត្ថម្ភថវិកាចំនួន៣០០ដុល្លារ ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង ដើម្បីបន្តជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅតំបន់ផ្សេងទៀតក្នុងខេត្តស្ទឹងត្រែង។

ដោយឡែក សម្រាប់អំណោយរបស់ធនាគារអេស៊ីលីដាសាខាខេត្តស្ទឹងត្រែង ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៨០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ស្រះឫស្សី ដោយក្នុង១គ្រួសារទទួលបាន មី១កេស ត្រីខ១យួរ ទឹកត្រី៣ដប ទឹកស៊ីអីវ២ដប ទឹកដោះគោ១ដប សាប៊ូដុសខ្លួន១ប្រអប់ និងអង្ករ១០គីឡូក្រាម៕