(ភ្នំពេញ)៖ នៅម៉ោង១១យប់ថ្ងៃទី១១​ ខែសីហា ឆ្នាំ២០១៨នេះ លោក ម៉ាសាហ៊ីរ៉ូ អ៉ីម៉ាមួរ៉ា (Masahiro Imamura) សមាជិកសភាជប៉ុន មកពីគណបក្សប្រជាធិបតេយ្យសេរី របស់នាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ដែលកំពុងកាន់អំណាច បានអញ្ជើញវិលត្រឡប់ទៅកាន់ទីក្រុងតូក្យូ ប្រទសជប៉ុនវិញ បន្ទាប់ពីបំពេញបេសកកម្មរយៈពេល០២ថ្ងៃ នៅប្រទេសកម្ពុជា និងបានយកនូវលិខិតរបស់លោក តូស៊ីរ៉ូ នីកៃ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី ចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ជូនផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងដំណើរចាកចេញពីកម្ពុជារបស់លោក អ៉ីម៉ាមួរ៉ា មានការជូនដំណើរដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយឯកឧត្តមអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា រួមនឹងមន្រ្តីមួយចំនួន។ អ្វីដែលពិសេសជាងនោះទៅទៀត នៅក្នុងបន្ទប់រង់ចាំ VIP លោក អ៉ីម៉ាមួរ៉ា ដែលជាបេសកជនពិសេសរបស់គណបក្សកាន់អំណាចនៅជប៉ុន របស់នាយករដ្ឋមន្រ្តី អា​បេ បានដោះអាវធំ និងបានពាក់អាវ និងមួក គណបក្សប្រជាជនកម្ពុជា ថតរូបយ៉ាងរីករាយ។

លើសពីនោះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់លោក អ៉ីម៉ាមួរ៉ា សូមបានប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសជប៉ុន។

សូមជំរាបថា លោក ម៉ាសាហ៊ីរ៉ូ អ៉ីម៉ាមួរ៉ា បានមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការទទួលដំណើរពីសំណាក់លោក​ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងលិខិតអបអរសាទរបស់លោក តូស៊ីរ៉ូ នីកៃ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអបអរសាទរអស់ពីដួងចិត្តចំពោះសម្តេចតេជោ ក្នុងឱកាសដែលគណបក្សរបស់ សម្តេចបានទទួលជួយជម្នះដ៏លើសលុបនៅក្នុងការបោះឆ្នោតជាសាកល។ ខ្ញុំសូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើឱ្យប្រទេសកម្ពុជា អាចឆ្លងចាកផុតពីដំណាក់កាលដ៏សែនអកុសលនៃសង្គ្រាម ហើយនិងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការកសាងឡើងវិញ និងវិបុលភាព»។

ជាមួយការអបអរសាទរនេះ គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាលជប៉ុន ក៏បានអះអាងផងដែរថា នឹងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីកសាងទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត។

សូមបញ្ជាក់លិខិតអមអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជោគជ័យនៃដំណើរការបោះឆ្នោតនៅកម្ពុជា ត្រូវបានផ្ញើមកកាន់នាយករដ្ឋមន្រ្តីកម្ពុជា ជាបន្តបន្ទាប់ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ។ ក្រៅពីគណបក្សរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន គេក៏ឃើញមានប្រទេសចិន រុស្ស៊ី ឥណ្ឌា ហ្វីលីពីន ថៃ ឡាវ និងវៀតណាមជាដើម សុទ្ធតែបានសម្តែងការគាំទ្រ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា៕