(ត្បូងឃ្មុំ)៖ នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ​ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ២,៦៧១គ្រួសារ ដែលរស់នៅភូមិចំនួន​១០​ នៃឃុំកំពង់ទ្រាស​ និងឃុំកោះពីរ​ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​

ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅទួលសុវត្ថិភាពចំការគរ ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។ជាមួយនឹងការចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ២,៦៧១គ្រួសារ​ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ​ ឃុំព្រែកអាជី​ (មាន​៦ភូមិ)​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ។

គ្រួសារនីមួយៗទទួលបាន​៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់​ ត្រូវយកចិត្តទុកដាក់គិតគូរពី​សុខភាព​ អនាម័យ​ ដោយត្រូវប្រើប្រាស់ទឹកស្អាត​ និងពិសាទឹកដាំពុះ​ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ​ ហើយឆាប់ប្រកបមុខរបរ​បង្កបង្កើនផល​ ដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញ នៅក្រោយពេលទឹកស្រក។​ទន្ទឹមនឹងនោះ​ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏ណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចេះស្រលាញ់ រាប់អានគ្នា និងសាមគ្គីភាព​ ដោយកុំប្រកាន់រើសអើងជាតិសាសន៍គ្នា ដើម្បីរួមគ្នាបន្ដអភិវឌ្ឍភូមិឃុំឲ្យកាន់តែមានល្អប្រសើរឡើង ។ ហើយកាកបាទក្រហមកម្ពុជា ក៏នៅតែរួមសុខ រួមទុក្ខ និងនាំមកនូវអំណោយមនុស្សធម៌ រួមមានស្បៀង និងសម្ភារ​ប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ​ ជាពិសេស​ ក្នុងទិវា​ ៨​ ឧសភា​ ចែកជូនដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាកគ្រប់ទីកន្លែង និងទាន់ពេលវេលា ។

ក្នុងឱកាសនោះផងដែរ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានក្រុង១ គឺក្រុងសួង និងស្រុក៦ គឺស្រុកត្បូងឃ្មុំ អូររាំងឪ តំបែរ ពញាក្រែក មេមត់ និងស្រុកក្រូចឆ្មារ និងមានប្រជាពលរដ្ឋជាង១៨ម៉ឺនគ្រួសារ ស្មើនឹងជាង៨២ម៉ឺននាក់។ លោកបានលើកឡើងថា ស្រុកមួយចំនួននៅខេត្តត្បូងឃ្មុំ តែងតែទទួលរងឥទ្ធិពលគ្រោះធម្មជាតិខ្យល់កន្ត្រាក់ជាញឹកញាប់ ដូចជាស្រុកត្បូងឃ្មុំអូររាំងឪ តំបែរ មេមត់និងស្រុកក្រូចឆ្មារ។ ដោយឡែកស្រុកត្បូងឃ្មុំ ក្រូចឆ្មារ និងមួយផ្នែកនៃស្រុកអូររាំងឪ តែងតែជួបផលប៉ះពាល់ ដោយគ្រោះទឹក ជំនន់ទន្លេមេគង្គ។

ចាប់ពីចុងខែកក្កដា២០១៨កន្លងមកនេះ ទឹកទន្លេបានចាប់ផ្តើមឡើងបណ្តើរៗ គិតត្រឹមថ្ងៃទី២ខែសីហា២០១៨ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋចំនួន១,៤៤២គ្រួសារ នៅក្នុងឃុំចំនួន៣នៃស្រុកត្បូងឃ្មុំ ។ដោយឡែកនៅស្រុកក្រូចឆ្មារ មានឃុំចំនួន៣ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺឃុំកោះពីរមានប្រជាពលរដ្ឋចំនួន៦០៣គ្រួសារ ឃុំកំពង់ទ្រាស២,០៦៨គ្រួសារ ឃុំព្រែកអាជី១,៣៦៦គ្រួសារសរុបទាំងបីឃុំមាន៤,០៣៧គ្រួសារ ហើយបងប្អូនដែលអញ្ជើញមកផ្ទាល់ នៅទីទួលនាពេលនេះមានចំនួន២ឃុំគឺឃុំកោះពីរ និងឃុំកំពង់ទ្រាសសរុវ២,៦៧១គ្រួសារ ក្នុងនោះបងប្អូនខ្មែរឥស្លាមមាន១,៣៥០គ្រួសារ។

ក្រៅពីការលិចលង់ផ្ទះសម្បែង លំនៅឋានបងប្អូនប្រជាពលរដ្ឋ ទឹកជំនន់ឆ្នាំនេះការបង្កឲ្យមានការខូចខាត ផលដំណាំបងប្អូនប្រជាពលរដ្ឋយើង ជាច្រើនហិកតាផងដែរដូចជា ស្រូវពង្រោះ៧៦៥ហិកតា,ដំឡូងមី៣៥ហិកតា ពោត១,៣៧៩ហិកតា អំពៅ៥២ហិកតា និងបន្លែគ្រប់មុខ១៨ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមានសាលារៀន១៧កន្លែង ក្នុងនោះសាលាឥស្លាម១២ សាលាមណ្ឌលសុខភាព៤កន្លែង​ វត្តព្រះពុទ្ធសាសនា១០វត្ត វិហារឥស្លាម៦ សូរ៉ាវ២១ ផ្លូវបេតុងប្រវែង៤០គីឡូម៉ែត្រ ផ្លូវលំ៩៣ខ្សែ។

សូមជម្រាបថា នេះជាលើកទី២ហើយ នៅក្នុងខែសីហានេះ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្ដល់ជូនអំណោយដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្ដត្បូងឃ្មុំ ដោយលើកទី១ នៅថ្ងៃទី២ ខែសីហា នាំយកអំណោយមកចែកជូនបងប្អូន ប្រជាពលរដ្ឋ នៅឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ចំនួន ២,៥០០គ្រួសារ ៕