(ភ្នំពេញ)៖ ជាថ្មីម្តងទៀត​ការិយាល័យសហប្រតិបត្តិការ​កិច្ចការពារជាតិ ​នៃទូតអាមេរិក​ប្រចាំនៅកម្ពុជា បានប្រកាស​អាហារូប​ករណ៍ជ្រើសរើស​យុវជន-យុវតីកម្ពុជា ដើម្បី​ចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងផ្នែក​កង​ទ័ព​ជើងគោក នៅ West Point ផ្នែកខាងជើងទឹកនៅ​ Annapolis និងផ្នែកខាងល្បាតដែនសមុទ្រ​​នៅ New London សម្រាប់ថ្នាក់ដែល​ចាប់ផ្តើមចូលរៀននៅខែកក្កដា ឆ្នាំ២០១៩ និងបញ្ចប់នៅឆ្នាំ២០២៣។

និសិ្សតដែល​ជាប់អាហារូបករណ៍ចូលរៀន នៅពេលបញ្ចប់ការសិក្សានឹងទទួលបានសញ្ញាបត្រប្រភេទ Bachelor's of Science ដែល​ផ្អែកលើ​កម្មវិធីសិក្សា ដែលមានភាពតានតឹង និងទាមទារខ្លាំង ហើយ​នឹង​សាកល្បងសមត្ថភាព​របស់និស្សិត ទាំងផ្នែកបញ្ញាស្មារតី ​និង រូបរាង​កាយ ព្រមទាំងផ្នែកយោធា នៅក្នុងបរិស្ថានមួយ ដែលលើកកម្ពស់ការអភិវឌ្ឍ​បុគ្គលិកលក្ខណៈ។

និស្សិតបរទេសទាំងឡាយ នឹងទទួលបានការហ្វឹកហាត់ ប្រាក់ខែ ក៏ដូចជាប្រាក់​ឧបត្ថម្ភ ដូចគ្នាទៅនឹងពលរដ្ឋអាមេរិក ហើយ​ស្ថិតក្រោម​ការអនុវត្តន៍​វិន័យនិងបទបញ្ញត្តិតែមួយ។ យ៉ាងណាមិញ ​ពួកគេនឹងមិន​ត្រូវចូលបម្រើក្នុងជួរយោធា​អាមេរិក ឬធ្វើសច្ចាប្រណិធាន​​​​​​បញ្ជាក់​ពីភាពស្មោះស្ម័គ្រ​ចំពោះ​សហរដ្ឋអាមេរិកនោះឡើយ។ ​​បេក្ខជន-បេក្ខនារីកម្ពុជា ដែលទទួលបានអាហារូបករណ៍ ​នឹងត្រូវចុះ​កិច្ចសន្យា​ជាមួយ​ក្រសួងការពារជាតិ​ ដើម្បីវិលត្រឡប់​មកប្រទេសកំណើតវិញ ហើយចូលបម្រើ​ជាមន្រ្តីយោធាក្នុងកងយោធពលខេមរភូមិន្ទ​ សម្រាប់រយៈពេលកំណត់ជាក់លាក់មួយ។

អ្នកទាំងឡាយដែលមានចំណាប់អាម្មណ៍ ត្រូវអនុវត្តន៍តាមចំណុចដូចខាងក្រោម៖

* នៅលីវ និងមានអាយុយ៉ាងតិច១៧ឆ្នាំ ប៉ុន្តែមិនអាចលើសពី២៣ឆ្នាំ នៅពេលដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នោះទេ
* ទទួលបានពិន្ទុខ្ពស់​នៅក្នុងការធ្វើតេស្តចំណេះដឹង SAT និង ACT ​
* ឆ្លងផុតការធ្វើតេស្ត​​ជំនាញភាសាអង់គ្លេស រួមមាន TOEFL ឬ ECL ​
* ទទួលបានពិន្ទុខ្ពស់​ក្នុងធ្វើវាយតម្លៃ​ CFA ​របស់​ស្ថានទូតអាមេរិក ឬការធ្វើតេស្តលើកាយសម្បទាដែលចាំបាច់ដទៃទៀត
* មានការត្រួតពិនិត្យផ្នែកសុខភាពត្រឹមត្រូវ ដែលបញ្ជាក់ថា ពុំមានផ្ទុកជំងឺឆ្លង ឬបញ្ហាសុខភាពធ្ងន់ធ្ងរ
* ធ្វើបានល្អក្នុងបទសម្ភាសន៍​ ដែលរៀបចំឡើង​ដោយ​ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://kh.usembassy.gov/service-academies/