(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលជាផ្លូវការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ។

ការរៀបចំសិន្នសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជាបានដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានបិទបញ្ចប់ទៅថ្មីៗនេះ ប្រព្រឹត្តឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព ហើយការបោះឆ្នោតនេះ ត្រូវបានចូលរួមដោយអ្នកបោះឆ្នោត ដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ យ៉ាងច្រើនកុះករ និងបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសជុំវិញពិភពលោកថា ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ នូវភាពចាស់ទុំរបស់កម្ពុជា នៅក្នុងលទ្ធិប្រជាធិបតេយ្យ។

សូមជម្រាថា តាមលទ្ធផលបណ្តោះអាសន្ន ដែលបានប្រកាសកាលពីថ្ងៃទី១១ ខែសីហាកន្លងទៅ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រច្រើន លើសលប់រហូតដល់ ៤,៨៨៩,១១៣សំឡេង ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ តពីក្រោយនេះ គឺគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក គង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង។ ដោយឡែកគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ មានត្រឹមតែ ៣៩,៣៣៣សំឡេងប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី ក្នុងការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ មិនទាន់ឃើញមានការបង្ហាញចំនួនអាសនៈនៅក្នុងរដ្ឋសភា ដែលគណបក្សនីមួយៗទទួលបាននៅឡើយទេ។ ប៉ុន្តែបើតាមការគណនាតាមរូបមន្ត ដែលកំណត់ដោយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ តាមរយៈសំឡេងដ៏ច្រើនលើសលប់នេះ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈទាំងអស់ចំនួន១២៥ នៅក្នុងរដ្ឋសភាតែម្តង៕