(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើដំណើរតាមទូក នាំអំណោយរបស់កាកបាទក្រហមកម្ពុជា យកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៤៧៧គ្រួសារ ស្ថិតនៅនៅក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងរយៈពេលនៃគ្រោះទឹកជំនន់នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានរងគ្រោះ បានទទួលអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទាន់ពេលវេលាពីសំណាក់ ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពង់ចាម។ ស្របតាមទទួលអំណោយដ៏ថ្លៃថ្លានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋដោយមិនគិត និន្នាការនយោបាយឡើយ។

ថ្លែងក្នុងពិធីចែកអំណោយនោះដែរលោក គួច​ ចំរើន បានលើកឡើងថា ការចែកអំណោយនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាព របស់បងប្អូនបានមួយកំរិតស្រប តាមពេលវេលាដែលបងប្អូនប្រជាពលរដ្ឋ កំពុងត្រូវការជំនួយថ្វីដ្បិតតែសំភារៈ និងថវិកាទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព​ផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់ និងផ្គររន្ទះដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហា អ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារ ចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះលោក គួច ចំរើន ក៏បានពាំនាំការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរអ្វីឡើយ គឺដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់ រហូតដល់ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតអស់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ សីហានេះ មានមនុស្សក្មេងចាស់១០នាក់ហើយ នៅក្នុងខេត្តកំពង់ចាម បានបាត់បង់ជីវិតមកទល់ពេលនេះ ដោយសារលង់ទឹក ក្នុងកំឡុងពេលទឹកជំនន់នេះ ដែលការស្លាប់មនុស្សនេះ មាននៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម៕