(ភ្នំពេញ)៖ ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានបដិសេធថា មិនមានករណីយកប្រាក់ជាថ្នូ នឹងការបំពេញការងារក្នុងការចុះពិនិត្យ និងសិក្សាស្ថានភាពទីតាំង ដីជម្លោះរវាងប្រជាពលរដ្ឋ ជាមួយ ក្រុមហ៊ុន Union Development Group Co.,Ltd ដូចពាក្យចចាមអាររ៉ានោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អាជ្ញាធរខេត្តកោះកុង ដែល Fresh News ទទួលបាន។

លិខិតខាងលើ បានឱ្យដឹងថា កន្លងមកក្រុមការងាររបស់ក្រសួងបរិស្ថាន ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត បានសហការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការចុះពិនិត្យ និងសិក្សាស្ថានភាពនៅទីតាំងជាក់ស្តែង ដើម្បីស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់វិនិយោគ អភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group.,Ltd សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ នៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរ ខេត្តកោះកុង។

រដ្ឋបាលខេត្តកោះកុងបញ្ជាក់ថា ប៉ុន្តែនាថ្មីៗនេះ មានលេចឮពាក្យចចាមអារ៉ាមថា ក្រុមការងារទាមទារឱ្យមានការបង់ប្រាក់ពីប្រជាពលរដ្ឋ ដើម្បីជាថ្នូរក្នុងការបំពេញតួនាទី​ភារកិច្ចរបស់ខ្លួន ក្នុងការចុះពិនិត្យ និងសិក្សាស្ថានភាពនៅទីតាំងដី។ ក្រុមការងារក្រសួង និងថ្នាក់ខេត្តសូមបដិសេធទាំងស្រុងចំពោះព័ត៌មាននេះ ហើយសូមបញ្ជាក់ជូនថា កិច្ចការខាងលើនេះ មិនតម្រូវឱ្យមានការបង់ប្រាក់នោះឡើយ។

ក្នុងករណីមានជនណាម្នាក់ទាមទារឱ្យមានការបង់ប្រាក់ អាជ្ញាធរស្នើឱ្យប្រជាពលរដ្ឋប្តឹងជាបន្ទាន់តាមលេខទូរស័ព្ទ នៅក្នុងសេចក្តីប្រកាសខាងក្រោមនេះ៖