(ភ្នំពេញ)៖ ផ្ទុយពីការទស្សន៍ទាយ និងការលើកឡើងរបស់ក្រុមអ្នកប្រឆាំងថា ក្រោយបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈប់ចុះជួបកម្មករ កម្មការិនីនោះ នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីទៀតហើយ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ដំណើរចុះជួបសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ត្រូវបានក្រុមអ្នកនយោបាយ និងអ្នកគាំទ្រគណបក្សប្រឆាំងផងដែរ បានពិព័រណ៌នា និងលើកឡើងថា ដំណើររបស់សម្តេចតេជោ ធ្វើឡើងដើម្បីតែប្រជាភិថុតិ ដើម្បីតែស្វែងរកសំឡេងឆ្នោតពីកម្មករ កម្មការិនីតែប៉ុណ្ណោះ ហើយដំណើរនេះនឹងត្រូវបញ្ចប់ក្រោយថ្ងៃបោះឆ្នោត។ ផ្ទុយពីការលើកឡើងទាំងនេះ ក្រោយពេលបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នៅតែបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាបន្តបន្ទាប់។ ជំនួបនៅថ្ងៃស្អែកជាជំនួបក្រោយពេលបោះឆ្នោតលើកទី៣ហើយ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ និយោជិត ដែលអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ មានចំនួន ១៥,៣៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ មកពីខណ្ឌឫស្សីកែវចំនួន៩ ខណ្ឌជ្រោយចង្វាចំនួន៣ ខណ្ឌព្រែកព្នៅចំនួន៤ និងខណ្ឌពោធិ៍សែនជ័យចំនួន១។

បើតាមលោក អ៉ិត សំហេង រោងចក្រ សហគ្រាសទាំង១៧នេះ វិនិយោគដោយជនជាតិចិនចំនួន១២, វិនិយោគដោយកូរ៉េចំនួន១, វិនិយោគដោយម៉ាឡេស៊ីចំនួន២ និងវិនិយោគដោយជនជាតិខ្មែរចំនួន២។ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២, ផលិតស្បែកជើងចំនួន២, តម្បាញ១, ផលិតស្រោមដៃចំនួន១ និងបោកគក់ចំនួន១។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា តាមរយៈរោងចក្រ សហគ្រាស​ទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។

ក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ គ្រាន់តែជាទីក្រុងខ្ទេចខ្ទីដោយសារភ្លើងសង្គ្រាមដ៏ស្ងប់ស្ងាត់មួយកុំថា ឡើយដល់ការវិនិយោគ សូម្បីតែប្រជាពលរដ្ឋចូលមករស់នៅក៏គ្មានផង។ ប៉ុន្តែបច្ចុប្បន្នរាជធានីភ្នំពេញ បានក្លាយជាទៅជារាជធានីជាទីប្រតិព័ទ្ធសម្រាប់ប្រជាពលរដ្ឋរស់នៅ សម្រាប់ការធ្វើពាណិជ្ជកម្ម សម្រាប់វិនិយោគ សម្រាប់ធ្វើទេសចរណ៍ សម្រាប់ក្រេបជញ្ជក់ចំណេះដឹងជាដើម។ ជាពិសេសរាជធានីភ្នំពេញជាទីក្រុងឧស្សាហកម្មដ៏រស់រវើកមួយផងដែរ។

លោក អ៉ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤,៤៥៣ មានកម្មករ និយោជិតចំនួន ៧៧២,៨៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១,៨៥៥លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៨៨ មានកម្មករ និយោជិតចំនួន ៤០៨,២៣៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៨០លានដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះបើកវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាតាំងពីថ្ងៃអាទិត្យ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅថ្ងៃស្អែកនេះ គឺជាលើកទី៥៣ហើយ។ ជំនួប ៥៣លើកនេះ មានកម្មករ កម្មការិនីសរុប ៧៣៤,០៣៧នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនេះ ក្នុងបំណងស្វែងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិនី និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។ ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម២០១៥-២០២៥ ឲ្យបានកាន់តែប្រសើរថែមទៀត។

តាមរយៈដំណើរចុះជួបសំណេះសំណាលជាបន្តបន្ទាប់នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ហើយក៏ធ្វើឲ្យមានសុខដុមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ៕