(បាត់ដំបង)៖ ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បាននិងកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋ ប៉ុន្ដែនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ដ្រីជំនាញចុះទប់ស្កាត់ ដើម្បីកុំឲ្យលិចលង់នៅក្រុងបាត់ដំបង។ នេះបើតាមការឲ្យដឹងពី លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក។

ថ្លែងប្រាប់អង្គភាព Fresh News លោក ចាន់ យុត្ថា បានបញ្ជាក់ថា ​ភ្លៀងបានធ្លាក់ចុះយ៉ាងគំហុកក្នុងកម្រិត​៩៧មីលីម៉ែត្រ នៅស្រុកសំឡូត (​តំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ​) ហើយបានបង្កការគម្រាមកំហែងដល់ជំនន់ស្ទឹងសង្កែ ខណៈដែលទឹកស្ទឹងនេះ កំពុងជន់ស្រាប់រួចទៅហើយ​។

បើតាមលោក ចាន់ យុត្ថា ទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបង នាព្រឹកថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ មានកម្ពស់​១១,៤៨ម៉ែត្រ ខណៈ​កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន​១៣,៧៥ម៉ែត្រ​។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារទប់ស្កាត់នឹងជំនន់នេះ ដើម្បីការពារក្រុងបាត់ដំបង កុំឲ្យមានការលិចលង់៕