(ពោធិ៍សាត់)៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានលើកឡើងថា ដោយស្ថានភាពទឹកភ្លៀងនៅក្នុងខែកក្កដា និងខែសីហា មានកម្រិតតិចតួចបានធ្វើឱ្យដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកភ្នំក្រវាញក្រុងពោធិ៍សាត់ ស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន រងការខូចខាតចំនួន៥១៤ហិកតា។

ចំពោះការងារឆ្លើយតបការសង្គ្រោះបន្ទាន់ខាងលើនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកវាលវែង បានសហការជាមួយសាខាកាកបាទក្រហម បានប្រើមធ្យោបាយសរុប និងកម្លាំងសរុប ក្នុងការអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋ ដែលជួបគ្រោះទឹកជំនន់ ទៅកាន់ទីទួលបានទាន់ពេលវេលា ព្រមទាំងបានជួសជុលកែលម្អផ្លូវ និងស្ពានដែលរងផលប៉ះពាល់ ឲ្យមានសកម្មភាពល្អអាចធ្វើដំណើរបានធម្មតាវិញក្រោយទឹកស្រក។

ការលើកឡើងបែបនេះ បានធ្វើឡើង ខណៈលោកទេសរដ្ឋមន្រ្តី បានអញ្ជើញចូលរួមត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ៧ខែ ដើមឆ្នាំ២០១៨ និងទិសដៅសម្រាប់អនុវត្តន៍បន្ត នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ នៅខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានថ្លែងថា ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងគ្រោះមហន្តរាយទូទាំងខេត្ត សូមគណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ដែលបានដាក់ចេញ ក្នុងការត្រៀមបង្ការសម្រាប់អនុវត្តន៍គោលការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរាជរដ្ឋាភិបាល ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។

លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ដែលបានចូលរួមកិច្ចប្រជុំនេះ បានថ្លែងថា «បច្ចុប្បន្ននេះយើងសង្កេតឃើញថា មានការប្រែប្រួលអាកាសធាតុជាសាកល បូករួមនឹងកត្តាភូមិសាស្រ្ត និងកត្តាបន្ទាប់បន្សំផ្សេងៗផងនោះ បានធ្វើឲ្យក្រុង និងស្រុកមួយចំនួន នៅក្នុងខេត្តពោធិ៍សាត់ ជួបប្រទះនឹងគ្រោះមហន្តរាយដោយធម្មជាតិ និងដោយមនុស្សមួយចំនួន ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៨នេះ»។

លោក ខូយ រីដា បានបន្តទៀតថា ខ្យល់កន្ត្រាក់កើតឡើងចំនួនពីរលើកនៅក្នុងឃុំអន្លង់រាប និងឃុំអូរសោម បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នងរលំរងការខូចខាត។ ខេត្តពោធិ៍សាត់ ក៏បានជួបគ្រោះរាំងស្ងួតគិតចាប់ពីខែឧសភា មកដល់ពាក់កណ្ដាលខែសីហានេះ ផងដែរ៕