(ភ្នំពេញ)៖ ក្រុមហ៊ុន ផលិតទឹកពិសា​ឈានមុខគេ «វីតាល់» បានធ្វើការ​បើកសម្ពោធការ​ដាក់​បង្ហាញ ផលិតផលវីតាល់​១.៥លីត្រ ដែលមានរូបរាង​សំបកកេសថ្មី ជូនដល់សាធារណជន ជាពិសេសមាតា បិតា សម្រាប់ការឆុងម្សៅទឹកដោះគោ និងបបរសម្រាប់ទារក និងកុមារតូចៗ។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើង​នៅថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងសាលដ៏ធំ នៃភោជនីយដ្ឋាន​ទន្លេបាសាក់​។

ក្រុមហ៊ុនទឹកពិសា វីតាល់ បានទទួលសា្វគមន៍ភ្ញៀវកិត្តយសទាំងអស់ ទៅកាន់កម្មវិធីសម្ពោធ​ដាក់ប្រើប្រាស់នូវសំបកកេសថ្មី បែបបរិស្ថាន និងការរចនាឡើងថ្មី ដែលជាទីចាប់អារម្មណ៍ ដល់មាតាបិតា​ដែលកំពុងមាន​ និងរៀបមានបុត្រធីតាតូចៗ​។ រូបរាងនៃកេសវីតាល់ថ្មី​១.៥លីត្រនេះ បានបង្ហាញខ្លួន ស្តែងចេញពីការចាប់បញ្ចូលគ្នា រវាងបច្ចេកវិទ្យាទំនើបចុង ក្រោយបំផុតលើការ​រចនាសំបកកេសថ្មី ដែលមានរចនាបទ​ប្លែកសម្រាប់មាតា បិតាទារក ថែមទាំងគិតគូរ ដល់បរិស្ថាន​ដែលមិនធ្លាប់មានពីមុនមក​នៅក្នុងវិស័យផលិតទឹកពិសា នៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេល​៨ឆ្នាំ នៃវត្តមានរបស់វីតាល់ ក្នុងទីផ្សារកម្ពុជា វីតាល់ទទួលបានភាព​ជោគជ័យ​ខ្ពស់ទាំងចំនួននៃការលក់ និងការទទួលស្គាល់នូវគុណភាព។ ក្នុងនោះ វីតាល់ក៏បាន​ដើរតួយ៉ាងសំខាន់ក្នុងភាព ជាអ្នកដឹកនាំ​នៃវិស័យផលិតទឹកក្នុងប្រទេសកម្ពុជា ដោយសារ​តែវីតាល់ មានយុទ្ធនាការឈានមុខគេគ្រប់ជំហាន ជាក់ស្តែងដូចជាយុទ្ធនាការ ដកសំបក ប្លាស្ទិក លើគម្របដបដើម្បីកាត់បន្ថយផ្លាស្ទិចក្នុងបរិស្ថាន ដែលបច្ចុប្បន្នត្រូវបានអនុវត្តន៍ តាមដោយក្រុមហ៊ុនដទៃ​ទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ពណ៌ និងរចនាបទរបស់វីតាល់ ក៏ត្រូវបានក្រុមហ៊ុនជាច្រើន កំពុងយកគម្រូតាមផងដែរ។

លោកស្រី កូវ ចាន់និច្ច មន្រ្តីប្រតិបត្តិផ្នែកពាណិជ្ជសញ្ញា ​នៃនាយកដ្ឋានទីផ្សារក្រុមហ៊ុនវីតាល់ បានថ្លែងថា វីតាល់ មានមោទនភាពជាមួយ​ភាពជោគជ័យ និងការរីកចម្រើនខ្លាំង ប៉ុន្តែនេះ​ក៏ជាមោទនភាពដែលមិនជ្រុលនិយម។ មោទនភាពនៃវីតាល់ បានជំរុញទឹកចិត្តយើង ក្នុងការ​ប្រកួតប្រជែងបន្ថែមទៀត ដោយប្រកាន់ខ្ជាប់នូវភាពច្នៃប្រឌិត មានវិជ្ជាជីវៈ និងប្រកួតប្រជែង​ដោយសមភាព។

វីតាល់ តែងតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យ និងបេសកកម្មសំខាន់ធំៗចំនួន២ គឺ៖ ១៖ការផ្តល់ជូន ទឹកពិសាដែលមានគុណភាពខ្ពស់ដល់មនុស្សជាតិនិងសង្គម, ២៖ការក្លាយជាក្រុមហ៊ុនជាតិ ដែលទទួលបានការកោតសរសើរ ជាងគេក្នុងវិស័យឧស្សាហកម្មទឹកពិសា​។ ហេតុដូច្នេះ​ហើយ ដើម្បីឲ្យវីតាល់នៅបន្តរក្សាតំណែង កំពូលនៅស្ថិតស្ថេរ វីតាល់បាននឹង​កំពុងតែដើរស្របទៅនឹងការវិត្តន៍​របស់ពិភពលោក ដែលប្រព្រឹត្តទៅមុខជារៀងរាល់ថ្ងៃ និង​លឿនបំផុត​ទាំងបច្ចេកវិទ្យា រចនាបទ និងគំនិតច្នៃប្រឌិត។

ជាងនេះទៅទៀត លោកស្រី​ ក៏បានបង្ហាញពីលក្ខណៈពិសេស នៃរូបរាងកេសថ្មីសម្រាប់ចំណុះ​១.៥លីត្រ​របស់វីតាល់ ដែលមានដូចជា កេសថ្មីមានរចនា នូវរូបតុក្កតា​២តួអង្គ ដែលស្ដែងប្រាប់ថា សូម្បីទារកទាំងពីរភេទមិនថាអាយុប៉ុន្មាននោះទេ ក៏អាចប្រើប្រាស់បានទាំងការទទួលទាន ឆុងម្សៅទឹកដោះគោ និងបបរឆាប់លឿនរហ័សជាងប្រភេទទឹកដទៃ និងការរក្សានូវផ្ទៃសំបកកេសទាំងមូល មាន​ពណ៌ភ្លឺស្រស់ថ្លា ពាណិជ្ជសញ្ញាផុសអណ្តែត ដោយក្នុងនោះ កេសនីមួយៗមានផ្ទុកវីតាល់​១.៥លីត្រ ត្រឹមតែ៦ដបប៉ុណ្ណោះ ជាមួយនឹងរន្ធចោះនៅផ្ទៃសងខាង​នៃកេស ដើម្បីជួយសម្រួល​ដល់ការកាន់យួរ ដែលជាបច្ចេកវិទ្យាផលិតចុងក្រោយបំផុត និងដំបូងបំផុតនៅប្រទេសកម្ពុជា។

លោកស្រីក៏បានសង្កត់ធ្ងន់ថា ការវិវត្តខ្លួនរបស់វីតាល់ ក៏នៅតែរក្សាគុណភាពក្នុងលំដាប់ខ្ពស់​ដដែល និងថែមទាំងគិតគូរខ្វាយខ្វល់ដល់បរិស្ថាន ដោយសំបកកេសយើងគឺ ធ្វើឡើង​ជាប្រភេទក្រដាស ដែលឆាប់ងាយរលាយទៅវិញ​ជាមួយនឹងបរិស្ថាន។ វីតាល់ មិនត្រឹមតែផលិតឡើង តាមស្តង់ដាជាតិប៉ុណ្ណោះទេ តែយើងអនុវត្តតាមស្តង់ដាអន្តរជាតិ និងជាពិសេសស្របតាមស្ដង់ដាអាមេរិច ដោយទឹករបស់យើងត្រូវបានឆ្លងកាត់នូវ ប្រព័ន្ធចម្រោះទាំង​១២ និងប្រព័ន្ធចម្រោះទីតាញ៉ូម ដែលធានាបាននូវសុវត្ថិភាព និងគុណភាពសម្រាប់ទារកតូចៗ ក្នុងការឆុងម្សៅទឹកដោះគោ និងបបរ​ដែលអតិថិជនជាមាតាបិតាគ្រប់រូបអាចទុកចិត្តបាន​១០០%។

អ្វីដែលអស្ចារ្យ​ទៀតនោះ វីតាល់ គឺក្រុមហ៊ុនទឹកពិសាដែលទទួលស្គាល់ ដោយអង្គការស្តង់ដាអន្តរជាតិ (ISO) និងស្តង់ដាជាតិ (CS) ដែលទទួលបានវិញ្ញាបនបត្រ រួមមាន ISO 9001៖2015 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព ISO 202000៖2005 ប្រព័ន្ធគ្រប់គ្រងសុវិត្ថភាពម្ហូបអាហារ និងISO 14001៖2015 ប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ បន្ថែមពីលើនេះ វីតាល់ត្រូវបានផលិតឡើង ដោយឧត្តមគតិជាតិ មនសិកា និងធ្វើដើម្បីសង្គម និងប្រជាជាតិ​ទាំងមូល យើងសូមធានានូវអ្វីដែលយើងបានធ្វើ។

លោកស្រី ជឹង សុគន្ធាវី នាយិកាគ្រប់គ្រង និងតំណាងក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវីតាល់ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់អតិជន ជាពិសេសម្ចាស់ដេប៉ូភេសជ្ជៈទាំងឡាយ ដែលជារឿយៗបានខិតខំប្រឹងប្រែងគាំទ្រចែកចាយវីតាល់ ទៅកាន់ទីផ្សារកម្ពុជា បានយ៉ាងជោគជ័យធ្វើឲ្យសន្ទុះនៃកំណើនចរាចរណ៍ វីតាល់ លើទីផ្សារមានដំណើរឈានមុខគេ។

បើតាមការលើកឡើងរបស់នាយិកាគ្រប់គ្រង វីតាល់នឹងមិននៅស្ងៀមនោះទេ ព្រោះវីតាល់មានទស្សនវិស័យប្រែក្លាយខ្លួនជា ក្រុមហ៊ុនជាតិឈានមុខល្អដាច់គេ លើវិស័យផលិតទឹកពិសា ទាំងទីផ្សារក្នុងស្រុក ព្រមទាំងក្រៅស្រុកផងដែរ។ វីតាល់ប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗ និង​ល្អៗជាច្រើនទៀត ដើម្បីបម្រើប្រជាជនកម្ពុជាឲ្យបានល្អបំផុត ហើយក៏ជាការតបស្នងទៅនឹងជំនឿចិត្តដែលប្រជាជនកម្ពុជាមានមកលើវីតាល់ «វីតាល់មោទនភាព ផលិតផលជាតិ»៕​