(ភ្នំពេញ)​៖​ មានករណីសង្ស័យលួចម៉ូតូពីប្រជាពលរដ្ឋ​ ហើយយកទៅលាក់ទុកក្នុងព្រៃ​ មួយកន្លែងក្នុងបុរី​ ព្រីនថោន ខណៈដែលមានបំណងចង់យកចេញវិញ​ ក៏ត្រូវប្រជាពលរដ្ឋឃើញ​​រាយការណ៍ទៅកម្លាំងនគរបាលចុះឡោមព័ទ្ធ ចាប់បានមនុស្សចំនួន​​៣នាក់​ និងម៉ូតូ​៣គឿង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ មនុស្សទាំង៣នាក់ខាងលើ​ សង្ស័យបានធ្វើសកម្មភាពកាច់សោ​កម៉ូតូ​ មួយគ្រឿង​ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ភ្នំពេញ​1BZ-5958 ​បានសម្រេច​ ហើយបានជិះគេចខ្លួនចូលក្នុងព្រៃ​ និងលាក់ទុកនៅក្នុងផ្ទះល្វែង​មួយកន្លែង ដែលគេទុកចោល លុះមកដល់វេលាកើតហេតុ​ ជនសង្ស័យទាំងនោះ ​បានមកយកម៉ូតូ ​​ក្នុងគោលបំណងយកចេញតែត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញក៏រាយការណ៍ទៅមកនគរបាល​ ភ្លាៗមនោះ​​កម្លាំងប៉ុស្តិ៍កាកាប២​ សហការជាមួយកម្លាំងខណ្ឌបានចុះអន្តរាគមន៍ជាក់ស្តែង។​​

នៅក្នុងការបង្ក្រាបនេះ​ គឺកម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​៣នាក់ ដែលស្ថិតក្នុងការសង្ស័យនៅឡើយ និងម៉ូតូដែលជនសង្ស័យជិះម៉ាកហុងដាឌ្រីម ​​ស៊េរីឆ្នាំ២០១៤​ ពាក់ស្លាកលេខ​ភ្នំពេញ​1CW-5779 មួយគ្រឿង​,​ ម៉ូតូម៉ាក​ Zoomer-X ពណ៌សលាយលឿង​ ពាក់ស្លាកលេខ ភ្នំពេញ​1GG-7230។ ដោយឡែក​ ម៉ូតូដែលជនសង្ស័យលួចបានហើយ យកមកលាក់ទុកក្នុងគុម្ពព្រៃ​ មួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣​ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​1BZ-5958។​

យ៉ាងណាក៏ដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា សម្រាប់មនុស្សទាំង៣នាក់នេះ មិនទាន់អាចសន្និដ្ឋានថា ជាក្រុមចោរនោះទេ ដោយកំពុងស្ថិតក្រោមការសួរនាំនៅឡើយ។

ក្រោយប្រតិបត្ដិការ ជនសង្ស័យទាំង៣នាក់ខាងលើ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្ដការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕​