(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានប្លន់រថយន្តក្រុងចំនួន០៣គ្រឿង រួមជាមួយនិង​អ្នកដំណើរ​ប្រមាណ១៧០នាក់ នៅក្នុងស្រុក ​Khan Abad នៃខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែកងទ័ពរដ្ឋាភិបាល រំដោះបានចំនួន១៤៩នាក់មកវិញ​ហើយ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅ​រសៀលថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

បើតាមអភិបាលស្រុកខាងលើ ពួកឧទ្ទាមតាលីបង់ បានប្លន់យករថយន្តទាំង០៣គ្រឿង​ នៅលើដងផ្លូវមួយកន្លែង ទៅ​កាន់តំបន់ដែលស្ថិត​ក្រោមការគ្រប់គ្រង​របស់​ពួកគេ ហើយក្នុងចំណោមនោះ ក៏មានរួមមានស្រ្តីនិងកុមារផងដែរ។

គួរជម្រាបថា សកម្មភាពខាងលើនេះ បានកើតមានឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីហ្គានីស្ថាន លោក Mohammad Ashraf Ghani បានប្រកាស​បទឈប់បាញ់ដោយមានលក្ខខណ្ឌសម្រាប់រយៈពេល០៣ខែ ដោយគិតចាប់ពីថ្ងៃចន្ទនេះតទៀត និង​បាន​អំពាវនាវឲ្យ​ពួកតាលីបង់ធ្វើតាមដូចគ្នា។ ដោយឡែក ក្រុមតាលីបង់ មិនទាន់បានឆ្លើយតបចំពោះសំណើឈប់បាញ់របស់រដ្ឋាភិបាល​នៅឡើយទេ៕