(ភ្នំពេញ)៖ បន្ទាប់ពីទិញ Franchise របស់ក្រុមហ៊ុនអចនទ្រព្យដ៏ល្បីនៅអាមេរិក Keller Williams យកមកកម្ពុជា​ លោកបណ្ឌិត គីម ហ៊ាង ម្ចាស់អាជីវកម្ម Keller Williams Cambodia (KW-កម្ពុជា) បានបង្ហាញពីភាពវិជ្ជមាន និង​ភាព​ជឿជាក់ថា វិស័យដីធ្លីនឹងរីកចម្រើនជាលំដាប់។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ លោកបណ្ឌិតអះអាងដោយភាពជឿជាក់ថា «ក្រុមហ៊ុនអចនទ្រព្យដ៏ល្បីរបស់អាមេរិកមួយនេះ នឹងជំរុញវិស័យដីធ្លីនៅកម្ពុជា​ឡើងមួយកម្រិតទៀត ទោះបីជាវិស័យដីធ្លីនៅកម្ពុជា មិនដល់បណ្ដាប្រទេសជិតខាងក្ដី ក៏នឹងអាចជំរុញដល់កម្រិតមួយដែលល្អប្រសើរ»។

លោកបញ្ជាក់បន្ថែមទៀតថា «ការជំរុញដល់កម្រិតមួយល្អ មានន័យថា ភ្នាក់ងារដីធ្លីទាំងអស់នៅកម្ពុជា នឹងប្រកបអាជីវកម្ម​ដោយមានច្បាប់ត្រឹមត្រូវ រាល់ការរកស៊ីទាំងអស់ ត្រូវតែបង់ពន្ធជូនរដ្ឋព្រោះថា ពេលចូលជាមួយ KW-កម្ពុជានេះ គ្រប់ក្រុមហ៊ុន អ្នករកស៊ីលើវិស័យនេះ មិនអាចគេចផុតពីច្បាប់បានឡើយ»

លោកបានបន្ថែមទៀតថា ភ្នាក់ងារទាំងអស់ ដែលបម្រើការងារនៅ KW-កម្ពុជា ត្រូវមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច ទាំងនេះហើយដែលធ្វើឲ្យចំណេញទៅដល់រាជរដ្ឋាភិបាល ព្រោះថា គ្រប់ក្រុមហ៊ុនទាំងអស់ មិនអាចគេចផុតពីការបង់ពន្ធជូន
រដ្ឋឡើយ។ មួយវិញទៀតអ្នកដែលបម្រើការងារក្នុង KW-កម្ពុជា ត្រូវទទួលបានការបណ្ដុះបណ្ដាលជាប្រចាំ មានន័យថា កាលណាយើងបណ្ដុះបណ្ដាលជាប្រចាំ នោះសមាជិករបស់ KW-កម្ពុជា នឹងកាន់តែខ្លាំងក្លា ទៅលើវិស័យនេះថែមទៀត។

លោកបណ្ឌិត គីម ហ៊ាង ក៏បានបង្ហាញថា​ ក្រុមហ៊ុនអចនទ្រព្យ ដ៏ល្បីនៅអាមេរិកនេះ បានបង្ហាញភាពជឿជាក់​ខ្លាំងលើប្រទេសកម្ពុជា ទើបសម្រេចលក់ Franchise មកកម្ពុជា។ សហរដ្ឋអាមេរិក បង្ហាញពីភាពជឿជាក់លើច្បាប់ និងការដឹកនាំ របស់រាជរដ្ឋាភិបាល និងភាពរឹងមាំរបស់កម្ពុជា១០០% គេមើលឃើញថា កម្ពុជាមានភាពរីកចម្រើនដល់​កម្រិតមួយ ដែលពួកគេអាចទុកចិត្តបាន ដូច្នេះគេគ្មានការព្រួយបារម្ភ ក្នុងការលក់ Franchise ដ៏ល្បីរបស់គេ មកកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា លោកបណ្ឌិតក៏បានបង្ហាញទស្សនៈយ៉ាងធំ សម្រាប់វត្តមាន KW-កម្ពុជា ដោយលោកគ្រោងនឹងបង្កើត ភ្នាក់ងារ KW-កម្ពុជា គ្រប់ខណ្ឌ-ខេត្ត ហើយរំពឹងទៀតថា រយៈពេល៥-១០ឆ្នាំក្រោយលោកនឹងគ្រប់គ្រងទីផ្សារដីធ្លី ឲ្យបាន៣០ភាគរយ៕