(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារព្រៃសរ រង់ចាំការជំនុំជម្រះតាមនីតិវិធី ពាក់ព័ន្ធសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ជនបរទេសយ៉ាងសកម្មនៅរាជធានីភ្នំពេញ។

ការសម្រេចរបស់លោកចៅក្រម ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក ខាំសុផារី បានចោទប្រកាន់ជនសង្ស័យទាំង២នាក់ ពីបទ «លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)»។

លោក ប៊ុន សត្យា ប្រធានការិយាល័យនគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មុខសញ្ញាជំនាញឆក់ទូរស័ព្ទ ឆក់កាបូប តាមដងផ្លូវសាធារណៈយ៉ាងសកម្ម២នាក់នេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១៖ ឈ្មោះ ធឿន វេហា អាយុ១៥ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ និងទី២ ឈ្មោះ នូវ ធូសេន អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧១ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានការិយាល័យឃាត់ខ្លួន បានប្រព្រឹត្តបទល្មើសជាក់ស្តែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១យប់នៅចំណុចផ្លូវ១៥៤ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ ពីជនជាតិចិនតៃវ៉ាន់។

ក្រោយពីឃាត់ខ្លួន បានយកមកធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ឆក់យកទូរស័ព្ទពីជនជាតិចិនតាមដងផ្លូវ ចំនួន៦លើកមកហើយ ដោយក្នុងនោះសុទ្ធតែ ឆក់បានទូរស័ព្ទដៃទំនើប ទូរសព្ទ័ដៃម៉ាក IPhoneX ចំនួន០៣គ្រឿង IPhone៦ ចំនួនមួយគ្រឿងទូរស័ព្ទដៃម៉ាកVIVO ពណ៌ខ្មៅ មួយគ្រឿង និងទូរស័ព្ទដៃម៉ាក HUWIE ពណ៌ស មួយគ្រឿង។

សមត្ថកិច្ចក៏បានធ្វើការដកហូតបានម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HC-9877 ដែលជាមធ្យោបាយធ្វើសកម្មភាពឆក់មួយគ្រឿងទៀតផងដែរ៕