(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បានអញញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាច្រាំងទន្លេវ៉ៃគោ ផ្នែកខាងលិច ស្ថិតនៅសង្កាត់ស្វាយរៀង និងស្ពានតាហោ (ស្ពានបេតុង) ស្ថិតនៅសង្កាត់ពោធិ៍តាហោរ ក្រុងស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ៣៥%។ ការចុះពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជំរុញឲ្យក្រុមជាង និងអ្នកពាក់ព័ន្ធដែលទទួលបន្ទុកការងារសាងសង់ ឲ្យបន្តខិតខំបំពេញការងារទាំងពីរនេះឲ្យបានកាន់តែល្អថែមទៀត ដោយធ្វើយ៉ាងណាឲ្យបានសម្រេច រួចរាល់ជាស្ថាពរឲ្យបានឆាប់រហ័ស ជាពិសេសការសាងសង់វេទិកាអុំទូក នៅផ្នែកចុងខាងត្បូងនៃច្រាំងទន្លេ សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក ឲ្យបានទាន់ពេលវេលា ដែលគ្រោងនឹងប្រារព្ធធ្វើនៅចុងខែតុលា ខាងមុខនេះ៕