(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានគូសបញ្ជាក់ទៅឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR) ថា អត្រាប្រជាពលរដ្ឋចេញទៅបោះឆ្នោតប្រមាណ ៨៣.០២ភាគរយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បានបង្ហាញយ៉ាងច្បាស់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានចាក់ឫសយ៉ាងជ្រៅ និងរីកចម្រើនយ៉ាងទូលំទូលាយនៅក្នុងសង្គមកម្ពុជា ដែល OHCHR គួរតែអបអរសាទរ កោតសរសើរ និងលើកទឹកចិត្តបន្ថែមទៀត។

ការបញ្ជាក់របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើឡើងបន្ទាប់ អ្នកនាំពាក្យការិយាល័យ OHCHR លោកស្រី Ravina Shamdasani កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ បានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីបារម្ភពីស្ថានការណ៍សិទ្ធិមនុស្សពាក់ព័ន្ធការបោះឆ្នោតនៅកម្ពុជា។

ក្នុងលិខិតនេះតំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែមុនមានគណបក្សនយោបាយចំនួន២០ ដែលមាននិន្នាការនយោបាយខុសៗគ្នា បានចូលរួមប្រកួតប្រជែងយកអាសនៈទាំង ១២៥នោះ ទទួលបានការសាទរថា ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសកម្ពុជា។

តំណាងរបស់កម្ពុជា ក៏បានសម្តែងការសោកស្តាយចំពោះ OHCHR ដែលគ្រាន់តែផ្អែកលើអវត្តមានអតីតគណបក្សនយោបាយមួយ គឺអតីតគណបក្សសង្គ្រោះជាតិ បែជាមើលឃើញបរិយាកាសសិទ្ធិមនុស្សជុំវិញការបោះឆ្នោតនៅកម្ពុជា ជាទឹកកន្លះកែវដែលខ្វះបន្តិចទៀតក្លាយជាកែវទទេទៅវិញ។ តំណាងរបស់កម្ពុជា បានហៅការលើកឡើងរបស់ OHCHR នេះ ជាការមើលរំលងនូវការខំប្រឹងប្រែងរបស់គណបក្សនយោបាយចំនួន ២០ផ្សេងទៀត ព្រមទាំងចំណេះដឹងផ្នែកសិទ្ធិមនុស្សប្រកបដោយភាពចាស់ទុំរបស់ប្រជាជនកម្ពុជា។

សូមអានលិខិតប្រកាសព័ត៌មានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ OHCHR ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖