(បាត់ដំបង)៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទី១ ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ និងប្រតិភូអមដំណើរ បានអញ្ជើញប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ៧ខែ ដើមឆ្នាំ និងទិសដៅបន្តនៅសាលាខេត្តបាត់ដំបង។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីលោក ប៊ុត គឹមស៊ាន អភិបាលខេត្តស្តីពី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, ថ្នាក់ដឹកនាំមន្ទីរស្ថាប័នរដ្ឋនានាក្នុងខេត្ត, អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីពាក់ព័ន្ធ និងមន្រ្តីរាជការបានចូលរួមជាច្រើនរូបទៀត។

លោក ប៊ុត គឹមស៊ាន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែសីហា គ្រោះមហន្តរាយនៅខេត្តបាត់ដំបងបានកើតមានឡើងរួមមាន៖

*ទី១៖ ខ្យល់កន្រ្តាក់បានកើតឡើង១៨លើក លើភូមិចំនួន៣៥ ឃុំចំនួន២១ ស្រុកចំនួន១០ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៤៦ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន២១ខ្នងសាលារៀន៣ខ្នង
*ទី២៖ គ្រោះទឹកជំនន់ ប៉ះពាល់លើឃុំចំនួន៣៩ឃុំ ស្រុកចំនួន៤ គឺស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកបវេល និងស្រុកថ្មគោល ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១២៩ខ្នង ប៉ះពាល់ស្រូវចំនួន២៥.២០៤ហិកតា ខូចខាតស្រូវចំនួន២.៩៦៧ហិកតា ស្រូវសង្រ្គោះបានចំនួន៥.៩៩២ហិកតា និងខូចខាតដំណាំបន្លែចំនួន៥១ហិកតា
*ទី៣៖ គ្រោះរាំងស្ងួត មានការប៉ះពាល់លើឃុំចំនួន៣០ឃុំ ស្រុកចំនួន៥ គឺស្រុកថ្មគោល ស្រុកមោងឬស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសង្កែ បណ្តាលឲ្យប៉ះពាល់ស្រូវប្រជាពលរដ្ឋ ចំនួន៣១.៨៧៨ហិកតា ខូចខាតទាំងស្រុងចំនួន១៦៨ហិកតា និងសង្រ្គោះបានចំនួន៥.៩៩២ហិកតា។

លោកបានបន្តថា លទ្ធផលការងារសម្រេចបាន និងកិច្ចសហប្រតិបត្តិការជាការងារអន្តរាគមន៍បានឆ្លើយតបនោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានសហការជាមួយសាខាកាក បាទក្រហមខេត្ត បាននាំអំណោយសង្រ្គោះបន្ទាន់ចែកជូនដល់គ្រួសាររងគ្រោះ បូករួមទាំងគ្រួសារទីទាល់ក្រជនពិការ និងចាស់ជរាសរុបចំនួន១៣៩គ្រួសារ ដោយក្នុង១គ្រួសារទទួល បានអង្ករ២៥គីឡូក្រាម មី១កស ក្រមា១ សារ៉ុង១ និងថវិកា២ម៉ឺនរៀល និងអ្នកប៉ះពាល់ធ្ងន់ធ្ងរបានថវិកា៤ម៉ឺនរៀល។ ដោយឡែក គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បាននាំអំណោយចុះសួរសុខទុក្ខចែកជូនប្រជាពលរដ្ឋ១២៩គ្រួសារ រងគ្រោះដោយសារទឹកជំនន់នៅស្រុកឯកភ្នំផងដែរ។

ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានសហការជាមួយសាខាកាកបាទក្រហមខេត្ត បានចូលរួមគ្នាធ្វើការដោះស្រាយរួចរាល់ការងារទាំងអស់នេះ ដោយមិនបាច់រងចាំថ្នាក់ជាតិចុះមកជួយឡើយ។ តែទោះជាយ៉ាងណាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ សន្យាផ្តល់ពូជស្រូវតាមរយៈក្រសួងកសិកម្ម និងឃីដមួយចំនួនតាមរយៈកាកបាទក្រហមជូនដល់ប្រជាពលរដ្ឋយើងតាមរយៈថ្នាក់ខេត្តឆាប់ៗនេះខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «នៅខេត្តបាត់ដំបងយើងមានគ្រោះធម្មជាតិតិចតួច ពុំមានគ្រោះមហន្តរាយអ្វីធំដុំឡើយ គឺមានដាច់ដោយកន្លែង ឃុំមួយចំនួនក្នុងស្រុកខ្លះ ដំណាំស្រូវក្នុងស្រែពុំមានទឹកជួបប្រទះគ្រោះរាំងស្ងួត ឃុំមួយចំនួន ក្នុងស្រុកខ្លះទៀតបានជួបប្រទះទឹកជំនន់រយៈពេលខ្លី ហើយបានសង្រ្គោះទាន់ពេល ឯការខូចខាតក៏មានតិចតួច ពុំមានលក្ខណៈធ្ងន់ធ្ងរឡើយ»

លោកបានបន្តថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ត្រូវបានធ្វើការត្រួតពិនិត្យការងារ៧ខែដើមឆ្នាំ និងលើកទិសដៅអនុវត្តបន្ត ដូច្នេះយើងត្រូវចុះមើលពីស្ថានភាពទូទៅ នៅតាមបណ្តាខេត្តនានាជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ ដើម្បីធ្វើការដោះស្រាយតាមការជាក់ស្តែង។ បច្ចុប្បន្នទឹកនៅទន្លេសាបមិនទាន់ពេញទេ នេះហើយដែលយើងពុំមានការព្រួយបារម្មណ៍ឡើយ តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នត្រៀមលក្ខណៈជាស្រេចក្រែងមានគ្រោះធម្មជាតិ ក្រោយណាមួយកើតមានជាយថាហេតុផងដែរ៕