(ស្វាយរៀង)៖ រថយន្តកុងតឺន័រមួយគ្រឿង បានរេចង្កូតបុកបង្កាន់ដៃស្ពាន និងរួចធ្លាក់ចូលទន្លេវ៉ៃកូ តែសំណាងល្អ គ្មានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរណាម្នាក់នោះទេ។

បើទោះបីមិនបានបង្កឲ្យមានគ្រោះថ្នាក់ក៏ដោយនោះ ប៉ុន្តែវាបានធ្វើឲ្យអ្នកដំណើរ និងអ្នកស្ទួចត្រីព្រលឹងចុងសក់គ្រប់ៗគ្នាផងដែរ។ ករណីនេះបានកើតឡើងកាលវេលាម៉ោង៤៖២៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើត ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ គ្រោះថ្នាក់ចរាចរណ៍នេះ ក៏បានបណ្តាលឲ្យកៀរធ្លាក់ម៉ូតូមួយគ្រឿង ចូលទន្លេផងដែរ។

តាមក្មេងប្រុសជាម្ចាស់ម៉ូតូ សំ មន្ថារចនា អាយុ១៥ឆ្នាំ ដែលអង្គុយស្ទួចត្រី នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ និងមិត្តភ័ក្របានមកស្ទូចត្រីនៅក្រោមស្ពានហាយវ៉េ ចំណែកម៉ូតូបញ្ឈរទុកអែបចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿង បើកបរយ៉ាងលឿនពីទិសខាងកើតមកលិច។

លុះមកដល់ចំណុចភូមិឃុំកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបុករះបង្កាន់ដៃស្ពានជាង២០ម៉ែត្រ រាបដល់ដី និងបន្តបុកម៉ូតូដែលបញ្ឈរទុកអូសធ្លាក់ចូលក្នុងទឹកទន្លេវ៉ៃកូជាមួយតែម្តង។

ក្រោយបង្កហេតុរួចមក គេឃើញបុរសម្នាក់បានវាចេញតាមកញ្ចក់រថយន្តហែលទឹកឡើងលើគោក និងជិះម៉ូតូឌុបចេញទៅទិសខាងលិចបំរុងហៅរថយន្តតាក់ស៊ីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់ខ្លួន មកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគនរបាលខេត្តស្វាយរៀង៕