(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅខេត្តព្រះសីហនុ ត្រូវតែពង្រឹងការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាសុវតិ្ថភាពជូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ ដែលមកកំសាន្ដនៅខេត្តទេសចរណ៍មួយនេះ។

​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ​ក៏បាន​កោតសរសើរ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ដែលដឹកនាំខេត្តមួយនេះ ​មានការរីកចម្រើនលឿនយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងការអភិឌ្ឍឆាប់រស័ស មានអ្នកវិនិយោគចូលមកច្រើន សេវាកំសាន្តច្រើន ខេត្តព្រះសីហនុ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនសាធារណៈជនបានយ៉ាងល្អប្រសើរ ដែលស្នើដល់មន្រ្តីនៅតាមអង្គភាពមានការពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាបន្តខិតខំធ្វើការងារ​ ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសង្គមទាំងមូល។ ពិសេសធ្វើយ៉ាងណា ទាំងនគរបាល និងអាវុធហត្ថ ត្រូវសហការគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវធ្វើជាសេនាធិការល្អរបស់ខេត្ត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ការដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គឺជាអ្វីដែលរដ្ឋាភិបាលបាកំណត់ ដូច្នេះត្រូវតែខិតខំទ្វេរដង ធ្វើឲ្យបានជោគជ័យដើម្បីសង្គមជាតិទាំងមូល។

ជាមួយគ្នានេះ លោក យន្ត មីន ក៏បានលើកឡើងថា គ្រឿងញៀន គឺជាប្រធានបទដ៏ក្តៅគគុក​គួរឲ្យបារម្ភជាខ្លាំង និងបាននាំមកនូវគ្រោះមហន្តរាយ ធំណាស់ ដែលបញ្ហានេះ​ខេត្តព្រះសីហនុ ក៏បាននឹងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងបង្ក្រាបយ៉ាងសកម្មរាល់ថ្ងៃផងដែរ។ អភិបាលខេត្តរូបនេះ បានបង្ហាញជំហរថា ត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងដាច់ខាត ដោយគ្មានការយោគយល់ចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់ និងបទល្មើសគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យបានដូចភ្លៀងរលឹម។​

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដំណាក់កាលទី៣ ឆ្នាំ២០១៨នេះ សម្រាប់ខេត្តព្រះសីហនុ ធ្វើការបង្ក្រាបគ្រឿងញៀន បានចំនួន១១៤ករណី និងប្រមូលបានវត្ថុតាងសារធាតុញៀនមួយចំនួន និងឃាត់ខ្លួនបានចំនួន២០៨នាក់ ស្រីចំនួន១៩នាក់ ក្នុងនោះ​៨៥ករណីបង្ក្រាប ដោយកម្លាំងនគរបាល និង២៩ករណីទៀត បង្ក្រាបដោយកម្លាំងអាវុធហហត្ថ។ ដោយឡែក នៅខែកក្កដាឆ្នាំ២០១៨ បង្ក្របបានចំនួន០៨ករណីទៀត ឃាត់ខ្លួនបាន០៩នាក់។ នេះបើ​តាមការបញ្ជាក់របស់ លោក គង់ វិតាណៈ លេខាធិការនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ៕