(កំពង់ធំ)៖ យោងតាមភ្នាក់ងារ Fresh News ប្រចាំខែកំពង់ធំ​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្របីអ្នកស្រុកកំពង់ស្វាយ ចំនួន៣ក្បាល ដែលត្រូវបានចោរលួច យកមកកាប់សាច់នៅក្រោមផ្ទះ ត្រូវបានសមត្ថកិច្ចរកឃើញសល់តែឆ្អឹង និងសាច់។ ជាមួយគ្នានេះ ម្ចាស់ផ្ទះដែលជាចោរបានរត់គេចខ្លួនបាត់ស្រមោល។

នគរបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៨ មានករណីចោរលួចក្របីចំនួន៣ក្បាល នៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ក្របីទាំងនោះ មានម្ចាស់ឈ្មោះ ហ៊ន សុផល ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ឆេង សុខន អាយុ៤២ឆ្នាំ។ ក្របីដែលបានបាត់ទាំង៣ក្បាល រួមមាន៖ មេធំ ១ក្បាល មេក្រមុំ ១ក្បាល និងឈ្មោលស្ទាវ ១ក្បាល។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម នគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ជាបន្ទាន់ ដោយចុះធ្វើការស្រាវជ្រាវ។ នគរបាល បាននាំគ្នាតាមដានជើងក្របី ដែលចោរដឹកចេញពីផ្ទះទៅនោះ និងបានតាមរកឃើញ គេដឹកចូលទៅក្នុងផ្ទះ ឈ្មោះនុត សុធា ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ មឿន ផល្លី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ច ការតាមដានជើងក្របីជាប់រហូត ទើបដឹងថា ផ្ទះនោះជាទីតាំងធ្វើអាជីវកម្ម អត្តឃាតគោក្របី។ ឃើញពិតដូច្នោះហើយ សមត្ថិច្ចបានសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីធ្វើការឆែកឆេរ។

ការឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាង រួមមាន៖ ស្បែកក្របីចំនួន៣ សាច់ក្របីដាក់ក្នុងបាវជាច្រើន និងគ្រឿងក្នុងដាក់ក្នុងធុងក្លាស្សេ ហើយខ្សែចងក្របី ពិតជាវត្ថុតាងដែលម្ចាស់ក្របី ស្គាល់ថា ជាសត្វពាហនៈ របស់ខ្លួនពិតប្រាកដមែន ជាពិសេសស្បែក និងចំណងក្របី។

ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ផ្ទះដែលជាចោរ បានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបាននិងកំពុងអនុវត្តន៍នីតិវិធី សុំដីកាតាមចាប់ខ្លួនទាំងពីរនាក់ប្តី
ប្រពន្ធ ឲ្យចូលខ្លួនមកទទួលទោសតាមច្បាប់៕