(ភ្នំពេញ)៖ ហាងកាហ្វេល្បីឈ្មោះ «Amazon» បានបើកសាខារបស់ខ្លួនគម្រប់១០០ សាខាហើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីហាងកាហ្វេនេះ បានទទួលការគាំទ្រយ៉ាខ្លាំងពីសំណាក់អតិថិជន គ្រប់ស្រទាប់វណ្ណៈ នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈអ្នកទទួលទានការហ្វេមានឈ្មោះល្បីៗ (ប្រេន) មានការកើនឡើងយ៉ាងគំហុក ហើយស្របពេលជាមួយនឹងការបើកសម្ពោធ គម្រប់១០០សាខានេះដែរ ហាងកាហ្វេ «Amazon» បានបង្ហាញមហិច្ឆតារបស់ខ្លួនថា នឹងមានគម្រោងពង្រីកឲ្យបាន ចំនួន២២០សាខា នៅឆ្នាំ២០២០ខាងមុខនេះ។

កម្មវិធីបើកសម្ពោធគម្រប់១០០ សាខា របស់ហាងការហ្វេ «Amazon» ត្រូវបានធ្វើឡើងនៅផ្សារទំនើប អេអនទី២ ក្នុងខណ្ឌសែនសុខ ​រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដោយក្នុងនោះគេសង្កេតឃើញ មានការចូលរួមពីសំណាក់តារាខ្មែរ និងតារាមកពីប្រទេសថៃល្បីៗ ជាច្រើនដួង ព្រមទាំងអតិថិជន និងដៃគូជំនួញជាច្រើននាក់ផងដែរ។

លោក សុធន ឈូធៀន អគ្គនាយកក្រុមហ៊ុន PTT Cambodia Limited បានថ្លែងឲ្យដឹង​ថា «បច្ចុប្បន្នហាងកាហ្វេអាម៉ាហ្វូន មាននៅប្រទេសកម្ពុជា ទាំងអស់១០០សាខាហើយ ដោយបើកនៅក្នុងស្ថានីយប្រេង PTT ចំនួន៥០សាខា និងក្រៅស្ថានីយ PTT ៥០សាខា ដោយមានប្រជាជនកម្ពុជា ជាម្ចាស់ហាងសរុបទាំងអស់ ចំនួន៨៣សាខា និងផ្ដល់ការងារជូនប្រជាជនកម្ពុជា ចំនួន១២០០នាក់»

លោកបន្តថា «ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ក្រុមហ៊ុនបានធ្វើការផ្ដល់ការផ្សងសំណាង ចំពោះអតិថិជន ដោយផ្ដល់នូវទូរស័ព្ទ IPhone X ចំនួន១០០គ្រឿង ដល់អតិថិជនដែលទិញកាហ្វេអាម៉ាហ្សូន រយៈពេល១០០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ»

ដោយឡែក លោក Auttapol Rerkpiboon ប្រធានគណៈកម្មការក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន PTT ចំកាត់ បានថ្លែងថា «ប្រទេសកម្ពុជា ជាទីផ្សារសំខាន់របស់ PTT ហើយកាហ្វេអាម៉ាហ្សូន បានក្លាយជាទីពេញនិយមរបស់ ប្រជាជនកម្ពុជា ដែលបើកសាខាដំបូងនៅច្បារអំពៅ ក្នុងឆ្នាំ២០១៣ និងបានពង្រីកសាខាជាបន្ដបន្ទាប់ រហូតដល់ពេលនេះ គម្រប់ទី១០០ នឹងមានគម្រោងពង្រីក​ចំនួន២២០សាខា នៅឆ្នាំ២០២០ផងដែរ»។

លោកបន្តថា ការដំណើរការហាងកាហ្វេ «Amazon» នៅក្នុងប្រទេសកម្ពុជា គឺប្រៀបដូចជាកម្លាំងពន្លឿនមួយ ដែលអាចជួយឲ្យប្រេនកាហ្វេ «Amazon» ក្លាយទៅជា «Global Brand» បានដោយ​ជោគជ័យ តាមរយៈការលក់ភេសជ្ជៈ​ជាច្រើនប្រភេទ ជាពិសេសកាហ្វេសុទ្ធ ដែលមានរសជាតិ​ឈ្ងុយឆ្ងាញ់ និងមានបរិយាកាស​ស្រស់ស្រាយ តាមបែបធម្មជាតិ នៅជុំវិញ​ហាង​ទាំងមួយ៕