(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ទីរ-អង្គភាព នាំអំណោយរបស់អង្គការយូនីហ្វ្សេស តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រួច ក្នុងនោះមាន៖ ធុងទឹកចម្រុះ១៦២, ធុងទឹកចំណុះ ២០L ចំនួន១៦២, ប៊ីដុងទឹកចំណុះ ២០Lចំនួន១៦២ និងសាប៊ូលាងដៃចំនួន១៦២ដុំ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះជន់លិចដោយជំនន់ទឹកភ្លៀងចំនួន១៦២គ្រួសារ នៅឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងនោះលោក វ៉ី សំណាង បានលើកឡើងថា សុខទុក្ខបងប្អូនក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ ត្រូវបានយកចិត្តទុកដាក់ឲ្យប្រសើរជាងមុន ហើយរាជរដ្ឋាភិបាលជំរុញ ឲ្យបន្តឲ្យកាន់តែប្រសើរចំពោះបញ្ហាសុខទុក្ខរបស់ពលរដ្ឋ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។

លោកអភិបាលខេត្តបន្តថា ប៊ីដុងទឹកចែកជូននាថ្ងៃនេះ សម្រាប់ទុកដាក់ទឹកស្អាត និងជាសម្ភារដាក់ទឹកបណ្តោះអាសន្នចល័ត ដែលបងប្អូនប្រើប្រាស់មានអម័យសម្រាប់ ដាំស្លរក្នុងពេលបងប្អូនជួបគ្រោះទឹកជំនន់។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ក្នុងកំឡុងពេលមានទឹកជំនន់ត្រូវថែរក្សាអនាម័យទ្វេដង ពីព្រោះទឹកដែលហូរមកមានកង្វក់ខ្លាំង និងមានមេរោគច្រើនមកជាមួយ ដូច្នេះត្រូវផឹកទឹកឆ្អឹនជានិច្ច។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ចំពោះពួកគាត់ឲ្យប្រសើរជាងមុន ខណៈពេលនេះគាត់មានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន៕