(ត្បូងឃ្មុំ)៖ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និងពន្យល់ណែនាំ របៀបជ្រើសរើសអាហារដែលមានសុវត្ថិភាព ដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋ ព្រមទាំងធ្វើតេស្តឃីត លើបន្លែត្រីសាច់មួយចំនួន នៅផ្សារមេមត់ និងផ្សារជីពាំង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានដឹងថា ដើម្បីធានាសុវត្ថិភាពចំនីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោករួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារទាំង២ខាងលើ ក្នុងគោលបំណងតែមួយគត់ គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចឲ្យគាត់យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាពយកមកទទួលទាន។

លោកប្រធានកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ក្រោយធ្វើតេស្តឃីតភ្លាមៗលើសាច់ក្រក, យីហ៊ឺ, ត្រីងៀតសំយ៉ុង, ត្រីងៀតក្រហម, ណែម, សណ្តែកបណ្តុះ និងខ្ញីហាន់រួចមក គឺមិនមានសញ្ញាណវត្តមានផ្ទុក នូវសារធាតុបូរ៉ាក់ ដែលជាសារធាតុគីមីហាមឃាត់ ធ្វើឲ្យសាច់ស្វិតល្អមិនខូចមិនស្អុយនៅស្រស់ និងទុកបានយូរ ដែលវាបណ្តាលប៉ះពាល់ដល់សុខភាព អ្នកទទួលទាននោះឡើយ។

ក្នុងនោះដែរ ការត្រួតពិនិត្យគុណភាពទំនិញដាក់លក់ បានប្រទះឃើញ និងដកហូតទំនិញ ដែលខូចគុណភាព សំបកច្រេះប៉ោងកំប៉ិត និងហួសកាលបរិច្ឆេទប្រើប្រាស់ បានមួយចំនួនមានដូចជា សណ្តែងកំប៉ុងចំនួន ១១កំប៉ុង, ទឹកប៉េងបោះ ៣ដប, និងទឹកផ្លែឈើ ២ដប ដើម្បីយកទៅកំទេចចោលផងដែរ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បនធ្វើការបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃកាលបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន ព្រមទាំងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕