(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ មានករណីបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ច ដោយប្រទះឃើញប្តីប្រពន្ធមួយគូរ បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ដោយសារបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតដោយខ្លួនឯង ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី ឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះថា នៅវេលាម៉ោងប្រហែល៣៖០០រសៀលនេះ មានករណីប្តីប្រពន្ធបានសម្រេចចិត្តធ្វើអត្តឃាត ប៉ុន្តែសម្រាប់ដំណើររឿង នៃការធ្វើអត្តឃាតនេះ មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើងទេ គឺរង់ចាំមន្ត្រីជំនាញរបស់ស្នងការ សហការជាមួយមន្ត្រីមូលដ្ឋានលើករណីនេះ។

លោកស្នងការខេត្ត បានបន្តថា ករណីធ្វើអត្តឃាតទាំងពីរនាក់ប្តីប្រពន្ធនេះ បានកើតឡើងនៅភូមិពូទុង ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប៉ុន្តែដំណើរឿងរហូតដល់បំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតទាំងប្តី-ប្រពន្ធនេះ មិនទាន់បានបញ្ជាក់ឱ្យច្បាស់ ពីសមត្ថកិច្ចជំនាញណាមួយនៅឡើយទេ និងអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរក៏មិនទាន់ដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត នៃករណីធ្វើអត្តឃាតខាងលើនេះ អង្គភាពព័ត៌មាន Fresh News នឹងជូនដំណឹងនៅពេលក្រោយ៕