(ភ្នំពេញ)៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា (បាក់ឌុប) ដែលមានរយៈពេលថ្ងៃ២ ត្រូវបានបញ្ចប់ជាស្ថាពរហើយ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ជាមួយបរិយាកាសល្អប្រសើរ ​ភាព​ស្ងប់ស្ងាត់ និង​របៀប​រៀបរយ​ល្អ។

ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនបានឲ្យដឹងថា នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់​លំដាប់​ថ្នាក់ មន្ត្រី អ្នក​សង្កេតការណ៍ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។

​ជា​ទូទៅ​បេក្ខជន​បាន​គោរព​បទប្បញ្ញត្តិ ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ ដោយ​ពុំ​មាន​នាំមក​ជាមួយ​នៅ​សំណៅ​ឯកសារ ឬ​ឧបករណ៍​ហាម​ឃាត់​ឡើយ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន​។

បន្ថែមពីនេះក្រសួងក៏បានបញ្ជាក់ផងដែរថា ​ការប្រឡងនេះមាន​បេក្ខជន​ប្រឡង​សរុប ​ចំនួន​១១៥,២៦៨​នាក់ ស្រី​៥៨,១៥៨​នាក់ អវត្តមានសរុបចំនួន១,៨០៦នាក់ ស្រី​៧២៣នាក់។ បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង០៣​ករណី ដោយ​​ទុក​ទូរស័ព្ទ​ជាប់​ខ្លួន ត្រូវ​បាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​​។

សម្រាប់​អាកាសធាតុ​នៅ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន ​នៅ​តែ​បន្ត​មាន​ភ្លៀង​ធ្លាក់​ដូចជា ខេត្ត​កែប ​ព្រះសីហនុ រតនគិរី និង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​សំណេរ ​របស់​បេក្ខជន​ឡើយ។ ​

ដោយឡែក ​​ក្រសួងអប់រំ យុវជន និងកីឡា ​នឹង​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​ នា​រសៀល​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ២០១៨សម្រាប់​​បេក្ខជន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ព្រឹក​ថ្ងៃបន្ទាប់សម្រាប់​​​បេក្ខជន​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត៕