(បាត់ដំបង)៖ ក្រុមការងារយេនឌ័រ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី ការអនុវត្តផែនការយុទ្ធសាស្ត្រ និងបន្តការងារអនុវត្តន៍ទិសដៅបញ្រ្ជាបយេនឌ័រ ឆ្នាំ២០១៨ ក្រោមប្រធានបទ «វឌ្ឍនភាព ស្ត្រីក្នុងវិស័យនយោបាយ» ក្រោមអធិបតីភាពលោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារយេនឌ័រក្រសួង តំណាងទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួង។

សិក្ខាសាលានេះ ក៏មានការចូលរួមពីលោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង និងជាតំណាងអភិបាលខេត្តបាត់ដំបង, ប្រធានមន្ទីរធម្មការ និងសាសនា មន្ទីរ ស្ថាប័ន ជុំវិញខេត្ត កងកម្លាំងទាំងបីផ្នែក ព្រមទាំងពីតំណាងសាសនានានា, មន្ត្រីធម្មការ ,លោកគ្រូអ្នកគ្រូ, សិស្ស, និស្សិត សរុបប្រមាណ ជិត២០០នាក់។

សុន្ទរកថាបើកដោយលោក សេង សុមុនី បានផ្តោតលើការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ចំពោះសមភាពយេនឌ័រ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលមានមកពីបុរាណ ត្រូវបានរាជរដ្ឋាភិបាល អភិរក្ស និងអភិវឌ្ឍន៏ ដើម្បីភាពរីកចម្រើនសម្បូររុងរឿង នៃប្រជាជាតិ ក្រោយការដឹកនាំរបស់ សម្តេចតេជោ ហ៊ុម សែន ជាប្រមុខរាជរដ្ឋាភិបាល។

ក្នុងនោះរបាយការណ៍ និងបទអន្តរាគមន៏របស់មន្ទីរធម្មការ, ក្រុមការងារយេនឌ័រ និងសាលាខេត្ត ក៏បានបង្ហាញពីលទ្ធផល នៃការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ធ្វើឲ្យស្ត្រីអាចចូលរួមក្នុងគ្រប់សកម្មភាពការងារ ទាំងនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌។ល។

ទន្ទឹមនឹងនោះ សុន្ទរកថាបិទដោយលោកស្រី មិន ចណ្ឌីណែត បានលើកឡើងអំពីកត្តាសំខាន់ៗ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ តាមមាត្រា៣៥.៣៦ និងមាត្រា៤៥ ត្រង់ជំពូក៣ ស្តីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។

បើតាមលោកស្រី មិន ចណ្ឌីណែត ភារកិច្ចសំខាន់ៗ ដែលប្រជាពលរដ្ឋទាំងពីរភេទ ត្រូវរួមគ្នាដើម្បីអភិវឌ្ឍន៍ជាតិ គឺ៖ សិទ្ធស្មើគ្នាចំពោះមុខច្បាប់, សិទ្ធិចូលរួមក្នុងការងារនយោបាយ, សិទ្ធិជ្រើសរើសមុខរបរសមស្រប, ការងារដូចគ្នាប្រាក់ខែដូចគ្នា, លុបបំបាត់ការរើសអើង, ចូលរួមគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាលរួមមាន ការអប់រំផ្សព្វផ្សាយ និងការសម្រេចចិត្តនានា។

បន្ទាប់ពីការបង្ហាញលទ្ធផលការងារ ដែលក្រសួងសម្រេចបាន លោកស្រីក៏បានសំណូមពរដល់អង្គសិក្ខាសាលា២ចំណុចសំខាន់ៗ រួមមាន៖

១. សូមឲ្យសាសនាទាំងអស់ មេត្តាយកធម៌វិន័យសាសនារៀងៗខ្លួន ជួយអប់រំផ្សព្វផ្សាយ សីលធម៌ គុណធម៌ នៅតាមវត្តអារាម វិហារ ស្នាក់ការ សាលារៀន និងសហគមន៏ កុំឲ្យមានការរើសអើង យល់ឲ្យច្បាស់អំពីសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។

២. សូមឲ្យគ្រប់សាសនា ស្ថាប័ន ពាក់ព័ន្ធ រួមគ្នាយកលទ្ធផលសិក្ខាសាលានេះ ទៅអនុវត្តន៍ដើម្បីពង្រឹង និងពង្រីកសមត្ថភាព ប្រកបដោយសមធម៌ក្នុងសង្គម រួមចំណែកអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាល។

ក្នុងនោះដែរ អង្គសិក្ខាសាលាបានប្តេជ្ញាខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ ចិត្ត និងបញ្ញាញាណ ដើម្បីបម្រើ គ្រប់សកម្មភាពការងារ របស់រាជរដ្ឋាភិបាល ដើម្បីតបស្នងសងគុណចំពោះសម្តេចតេជោ ដែលបានលះបង់គ្រប់ពេលវេលា ដើម្បីជាតិ មាតុភូមិ និងប្រជាជន៕