(ក្រចេះ)៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងដល់ម្រិតជិតប្រកាសអាសន្នហើយ ដោយតម្រូវឲ្យបងប្អូន ប្រជាពលរដ្ឋនៅទីរួមខេត្ត មួយនេះ និងអ្នកដែលរស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គមានកម្ពស់ប្រមាណ២២ម៉ែត្រ១៩ ពោលជាកម្រិតជិតដល់ការ ប្រកាសអាសន្ន។ តែបើតាមលោក ចាន់ យុត្ថា អ្នកនាំាពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននោះគឺ២៣ម៉ែត្រ។

សូមបញ្ជាក់ថា ក្រចេះជាខេត្តមួយនៅជាប់ដងទន្លេមេគង្គ ដែលបានទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ លើកលែងតែស្រុកស្នួលមួយ ដែលមិនទទួលការគម្រាមកំហែងពីជំនន់ទន្លេមេគង្គ។ ដើម្បីដោះស្រាយភាពប្រឈមខាងលើ​នេះ ក្រសួងធ​នធានទឹក និងឧតុ​និយម បានជម្រុ​ញ​ដល់​មន្ទីរជំនា​ញតាមខេត្ត​​នី​មួយៗ ត្រូវប្រញាប់រៀប​ចំតម្លើង​សម្ភារមាស៊ីន​នៅទីតាំង​ប្រព័ន្ធមេរំ​ដោះទឹក​ ដើម្បីធ្វើការបូម​ទឹក​ចេញពីក្រុង ឬប្រជុំជន​ជាដើម និង​បញ្ចៀស​ពីការជន់លិច ជាហេតុបណ្តាល​ឲ្យប៉ះពាល់ដល់​សោភ័ណ្ឌភាព​ហេដ្ឋារចនាស​ម្ព័ន្ធ និងជីវភាព​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ជាមួយនឹងវិធានការដោះស្រាយចំពោះបញ្ហានៅចំពោះមុខនេះ នៅថ្ងៃទី២១ ខែសីហានេះ លោក យិន ងួនកូលេ​នីន អនុរដ្ឋ​លេខាធិកា​រក្រសួងធន​ធានទឹក និងឧតុ​និយម រួមដំណើរ​ពីមន្ទីរជំនាញ អាជ្ញាធរក្រុង-សង្កាត់ ចុះត្រួតពិនិត្យទីតាំងបូមទឹ​កក្នុងភូមិដូនជ្រាំ សង្កាត់-ក្រុងក្រចេះ។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់​ថា ក្រសួងក៏ដូចជាមន្ទី​រជំនាញ បានធ្វើការពិនិត្យនៅ​ទីតាំងដែលត្រូវជួយ​សង្រ្គោះ និងបាន​ដោះស្រាយបាន​ទាន់ពេលវេលាផងដែរ ហើយមា​ស៊ីនដែលមន្ទីរ​តម្លើង​ពេលនេះ គឺជាការបូម​ជួយសង្រ្គោះ​បឋមក្នុងមូលដ្ឋានទេ ទៅខាងមុ​ខ ក្រសួងនឹងសិក្សា​ទីតាំងដើម្បីដា​ក់មាស៊ីនប្រចាំការ​ប្រើដោយអគ្គិសនី សម្រាប់ការបូម​រំដោះទឹកដោះស្រាយជាប្រចាំ។

ទន្ទឹមនឹងការជួយសង្រ្គោះ​របស់ក្រសួងខាងលើនេះ, អាជ្ញាធរខេត្តក៏ទាមទា​រឲ្យមានការចូលរួមសង្រ្គោះ​ ពីបងប្អូន​ប្រជាពលរដ្ឋផ្ទាល់ដែរ ដោយប្រុ​ងប្រយ័ត្ននឹងបញ្ហាច​រន្តអគ្គិនីចូលទឹក បញ្ហាសុខ​ភាពអនាម័យ និងបញ្ហាក្មេងលង់ទឹក។

លោកអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត រួមមន្ទីរពាក់ព័ន្ធដែល​បានចូលរួម​យ៉ាងសកម្ម ក្នុង​ការ​ទប់ស្កាត់ និងជួយសង្រ្គោះ​បូមរំដោះទឹកចេញពីទីក្រុ​ង និង​ទីប្រជុំជនបានទា​ន់ពេលវេលា បញ្ចៀ​សពីផលប៉ះពាល់​ដល់វិស័យមួយចំនួន ដោយ​សារទឹក​ជំនន់ជន់លិចរយៈពេលយូរ៕