(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសបែងចែកប្រាក់ខែដែលលោកនឹងទទួលបាន ពីការបំពេញមុខងារសាធារណៈក្នុងស្ថាប័ន «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» សម្រាប់កិច្ចការមនុស្សធម៌ចំនួន៣ចំណែក។

បើតាមលោក ពេជ្រ ស្រស់ ក្នុងចំណោមប្រាក់បៀរវត្សរបស់លោក១០០ភាគរយ ដែលនឹងទទួលបាននោះ, លោកនឹងត្រូវបែងចែកដូចតទៅ៖

១៖ ប្រាក់ខែ ៣០% លើចំនួនសរុបនឹងជូនដល់កីឡាករគុនខែ្មរ ដែលពួកគាត់ជួបនូវទុក្ខ និងរងរបួសធ្ងន់ពីការប្រគួត

២៖ ប្រាក់ខែ ៣៥% លើចំនួនសរុបនឹងជូនមន្ទីរពេទ្យគន្ធបុប្ផា

៣៖ ប្រាក់ខែ ៣៥% លើចំនួនសរុបនឹងជូនដល់ចាស់ៗជរាដែលគ្មានទីពឹង និងមានជីវភាពក្រីក្រលំបាកនៅតាមទីជនបទ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងផ្តល់ជូនពេញ៥ឆ្នាំតែម្តង ដូច្នេះខ្ញុំ ពេជ្រ ស្រស់ មិនបានយកប្រាក់ខែនៃខ្ញុំដែលនឹងបានពីមុខតំណែង ក្នុងពេលខាងមុខនេះធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្ញុំនោះទេ ពីព្រោះថាថវិកាទាំងនេះ គឺជារបស់បងប្អូន»

សូមបញ្ជាក់ថា ក្នុងជំនួបលើកដំបូងរវាងសម្តេចតេជោ ហ៊ុន សែន និងតំណាងគណបក្សនយោបាយទាំង១៦ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដោយនឹងមានការចូលរួមពីគណបក្សនយោបាយដែលក្រៅរដ្ឋសភា។

សមាសភាពនៃ «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នឹងត្រូវបានជ្រើសចេញពីគណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះចំនួន២រូប ដែលប្រធានគណបក្ស ហៅថាជា «ប្រធានប្រតិភូ» និងអនុប្រធាន ឬអគ្គលេខាធិការនៃគណបក្ស ហៅថា «អនុប្រធានប្រតិភូ»។ ប្រតិភូដែលត្រូវជ្រើសយកជាសមាសភាពនៃ «ឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់» គឺប្រធានប្រតិភូ នឹងត្រូវតែងតាំង ឲ្យមានឋានៈស្មើទេសរដ្ឋមន្ត្រី​ ហើយអនុប្រធានប្រតិភូ នឹងត្រូវតែងតាំងឲ្យមានឋានៈស្មើនឹងរដ្ឋមន្ត្រី ដែលមានប្រាក់បៀវត្សជាកញ្ចប់ថវិកាជាតិ នៅក្នុងប្រអប់ទីស្តីការគណៈរដ្ឋមន្ត្រី៕