(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រសួងធម្មការ និងសាសនា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទីវត្តអារាមដែលមានភាពលេចធ្លោរជាងគេ ពិសេសនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសជំរុញការអភិវឌ្ឍទេសចរណ៍ពុទ្ធសាសនានៅកម្ពុជា។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ កិច្ចប្រជុំឆ្លងគោលការណ៍ណែនាំស្ដីពីវត្តទេសចរណ៍មួយ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងធម្មការ លោក សារ៉ាយ ឆុន ប្រធានសមាគម CATA លោកស្រី ឆាយ ស៊ីវលីន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោក ជុក ជំនោរ ព្រមទាំងប្រធានមន្ទីរទេសចរណ៍ មន្ទីរធម្មការរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានលើកឡើងថា ការរៀបចំឱ្យមាន «វត្តទេសចរណ៍» នេះ គឺជាការជំរុញឱ្យទីអារាមសំខាន់ៗនៅក្នុងតំបន់គោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយវត្តអារាមនៅតាមតំបន់គោលដៅទេសចរណ៍ធំៗនៅកម្ពុជា ឱ្យក្លាយទៅជាកន្លែងទាក់ទាញទេសចរ ឬអាចទទួលទេសចរឱ្យទៅទស្សនានៅក្នុងទីអារាមទាំងនោះបាន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងទេសចរណ៍ក៏កំពុងជំរុញទេសចរជាតិ-អន្តរជាតិ ឱ្យទៅទស្សនានៅគ្រប់គោលដៅនៃប្រទេសកម្ពុជា។
ការរៀបចំវត្តទេសចរណ៍នេះ មានគោលដៅសំខាន់ចំនួន២ រួមមាន៖
* គោលដៅសំខាន់ទី១៖ ទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានក្នុងរយៈពេលយូរ ចំណាយប្រាក់ច្រើននៅក្នុងប្រទេសកម្ពុជា។ ផ្តល់ឲភ្ញៀវមានជំរេីសច្រេីនក្នុងការទស្សនា និងម្យ៉ាងទៀត ក៏នឹងផ្ដល់នូវ ប្រភពចំណូល និង ការជួយដល់វត្តអារាមទាំងនោះផងដែរ។
* គោលដៅសំខាន់ទី២៖ ផ្ដល់ការអប់រំ និងការយល់ដឹងដល់ភ្ញៀវទេសចរ ពិសេសទេសចរអន្តរជាតិក្នុងការសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ (មានចែងក្នុងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា)។
លោក ទិត ចន្ថា បានបង្ហើបឱ្យដឹងថា ដើម្បីទទួលស្គាល់វត្តថាជាវត្តទេសចរណ៍បាន គឺវត្តទាំងនោះត្រូវតែមានសូចនាករក្នុងការកំណត់ ជាវត្តលេចធ្លោរជាងគេ មានទីតាំងល្អ មានប្រវត្តិអស្ចារ្យ វត្តដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ មានរបៀបរៀបរយល្អស្អាត មានកិត្តិនាមល្បីល្បាញ តួយ៉ាងនៅតាមវត្តអារាមសំខាន់ៗមួយចំនួន នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ក៏កំពុងរៀបចំបណ្ដើរហើយដែរ និងមានទេសចរទស្សនាជាបន្តបន្ទាប់។
លោកបន្តថា ព្រះសង្ឃ ឬអាចារ្យវត្តក៏អាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍បានដែរ ដើម្បីបង្ហាញពីប្រវត្តិ ឬរឿងរ៉ាវពាក់ព័ន្ធនឹងវត្តទេសចរណ៍ទាំងនោះ ប៉ុន្តែក៏ត្រូវអនុវត្តឱ្យស្របតាមគោលការណ៍ណែនាំរបស់អន្តរក្រសួងដែរ ដែលនឹងចេញជាផ្លូវការនាពេលខាងមុខ។
លោកបន្តទៀត ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីអន្តរក្រសួង-ស្ថាប័ន នឹងជួបពិភាក្សាគ្នាម្ដងទៀតក្នុងការប្រមូលធាតុចូលបន្ថែម ក៏ដូចជារៀបចំគោលការណ៍ណែនាំរួម ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចេញសេចក្ដីប្រកាសអន្តរក្រសួងមួយ មុនអនុវត្តការងារទាំងនេះជាផ្លូវការនៅចុងឆ្នាំ២០១៨ ឬអាចនៅដើមឆ្នាំ២០១៩៕