(ភ្នំពេញ)៖ កម្ពុជា-ថៃ បានធ្វើការប្ដេជ្ញាចិត្តជាថ្មីម្ដងទៀត ដោយរួមគ្នាទប់ស្កាត់ ការលួចឆ្លងដែនចូលទៅកាប់ឈើដោយខុសច្បាប់ នៅលើទឹកដីថៃ ពីសំណាក់ប្រជាពលរដ្ឋខ្មែរឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត ខណៈដែលកន្លងមកភាគីទាំង២ បានសហការគ្នាយ៉ាងល្អប្រសើរ។
ការប្ដេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យលោក Panyarak Poolthup ឯកអគ្គរាជទូតថៃទើបតែងតាំងថ្មី ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ថ្លែងក្នុងជំនួបរយៈពេលខ្លីនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់ ការចូលកាប់ឈើខុសច្បាប់នៅក្នុងទឹកដីថៃ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកន្លងមកបានសហការគ្នាយ៉ាងល្អប្រសើរ។
ជាការឆ្លើយតប លោក Panyarak Poolthup ក៏បានអបអរសាទរដូចគ្នាផងដែរលើបញ្ហានេះ និងបានអះអាងថា ថៃ-កម្ពុជា នឹងបន្ដនូវកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាចំណងមិត្តភាពដែលមានយូរលុងណាស់មកហើយ។
សម្ដេចក្រឡាហោម ស ខេង តាមរយៈឯកអគ្គរាជទូតថ្មីរបស់ថៃ ប្រចាំនៅកម្ពុជា ក៏បានជំរុញដល់ភាគីថៃ ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះរវាងខេត្តជាប់ព្រំដែន ដែលលើនេះភាគីថៃត្រូវធ្វើជាម្ចាស់ផ្ទះ ខណៈដែលឆ្នាំកន្លងទៅកម្ពុជា ជាអ្នកធ្វើជាម្ចាស់ផ្ទះ។
យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតថៃ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិដ៏ល្អរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, ក្រសួងមហាផ្ទៃកម្ពុជា ជាមួយស្ថានទូតថៃប្រចាំកម្ពុជា ដែលបានបង្កលទ្ធភាពគ្រប់បែបយ៉ាងជួយដល់ប្រជាពលរដ្ឋថៃ ភ្ញៀវទេសចរ និងជនជាតិថៃដែលជាប់ឃុំនៅកម្ពុជាផងដែរ៕