(ភ្នំពេញ)៖ កម្ពុជាបានបើកទំព័រប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀតហើយ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នាទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងទៀតជូនជាតិ លើវិញ្ញាសា Ski Modified ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច បន្ទាប់ពីរូបនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា Runabout 1100 Stock នាព្រឹកនេះ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម ។
នេះគឺជាមេដាយមាសទី២ ហើយ ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងបេសកកម្មប្រកួតកីឡា Asian Games ឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីវ័យក្មេង ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១គ្រឿងកាលពីម្សិលមិញ ។ ប៉ុន្ដែសមិទ្ធិផលបណ្ដោះអាសន្ននេះ គឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េ ។
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី២៥ ខែសីហានេះ អត្តពលិកកម្ពុជា នៅមិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងនេះឡើយ បន្ទាប់ពីដណ្ដើមបានមេដាយមាស ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ដោយសល់កីឡាករ-កីឡាការិនី ៦ប្រភេទកីឡាទៀត ដែលត្រូវបន្ដការប្រកួត និងស្វែងរកមេដាយជូនជាតិ ។ ក្នុងនោះដែរ ក៏មានកីឡា ១ប្រភេទ ដែលកម្ពុជារំពឹងនឹងទទួលបានមេដាយមាសបន្ថែមផងដែរ គឺកីឡាសូហ្វតេន្នីសកម្ពុជា ដែលនឹងត្រូវចាកចេញពីមាតុភូមិ ដើម្បីចូលរួមប្រកួតប្រជែងមេដាយលើកដំបូង ក្នុងការប្រកួតកីឡា Asian Games នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ៕