(ភ្នំពេញ)៖ ហ្គេមទូរស័ព្ទដែលផលិតឡើងដោយចិន ឈ្មោះថា «Arena of Valor» បានបើកឱកាសមួយ ដែលគេមិនបានរំពឹងទុក ដើម្បីឲ្យអ្នកលេងហ្គេមទូទាំងពិភពលោក អាចស្គាល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រ របស់ប្រទេសចិន។ ក្រុមហ៊ុន ធែនស៊ែន (Tencent) គឺជាអ្នកបង្កើតហ្គេមទូរស័ព្ទនេះឡើង។ ហ្គេមនេះ បានធ្វើឲ្យតួអង្គ ស៊ុន អ៊ូខុង ក្នុងរឿង «ស្តេចស្វា» មានវត្តមានលើឆាកអន្តរជាតិ សម្រាប់ឲ្យមនុស្សទូទៅបានស្គាល់។
ហ្គេមនេះ មានតួអង្គក្នុងរឿងរបស់លោកខាងលិចផង និងរឿងរបស់ចិនផង ដូចជាតួអង្គនារីដ៏ស្រស់ស្អាតឈ្មោះថា ទាវ ច័ន្ទ (Diao Chan) និងតួមេទ័ព លីយូ ពូ (Lyu Bu) ដែលបានរស់នៅក្នុងសម័យរាជវង្សហាន ដែលលាតសន្ធឹង ពីចន្លោះឆ្នាំ២៥ ដល់ឆ្នាំ២២០ នៃគ្រឹស្តសករាជ។
ដោយវិស័យកីឡាអេឡិចត្រូនិច ឬហៅម្យ៉ាងទៀតថា វិស័យប្រកួតហ្គេមវីឌីអូ តាមអ៊ីនធើណេត បន្តរីកចម្រើនទូទាំងពិភពលោក ហ្គេមនេះ ក៏កំពុងក្លាយជាកន្លែងមួយសម្រាប់ឲ្យពិភពលោក បានរៀនសូត្របន្ថែមទៀត អំពីប្រវត្តិសាស្ត្ររបស់ប្រទេសចិន។
លោក ទីង ស៊ីន អ្នករចនាហ្គេមជាន់ខ្ពស់ ក្រុមហ៊ុន ធែនស៊ែនហ្គេម «ហេរ៉ូជាច្រើន ដែលមាននៅក្នុងហ្គេមរបស់យើងដូចជា លីយូ ពូ និង ទាវ ច័ន្ទ គឺសុទ្ធតែមានគេស្គាល់ច្រើន នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។ ប៉ុន្តែនៅអ៊ឺរ៉ុបនិងអាមេរិកវិញ គេមិនសូវស្គាល់ទេ»។
លោក ទីង ស៊ីន បានបញ្ជាក់ថា «ដូច្នេះ យើងត្រូវធ្វើឲ្យហេរ៉ូទាំងនេះ កាន់តែមានភាពទាក់ទាញ និងងាយស្រួលលេង ដើម្បីទាក់ទាញអ្នកលេងហ្គេម និងធ្វើឲ្យពួកគេចាប់អារម្មណ៍ ទៅលើសាច់រឿងប្រវត្តិដើម របស់ហេរ៉ូនីមួយៗ»។
បើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ញូរហ្ស៊ូ (Newzoo) វិស័យកីឡាអេឡិចត្រូនិច រកប្រាក់ចំនូលបាន៦៥៥លានដុល្លារអាមេរិក ទូទាំងពិភពលោក ក្នុងឆ្នាំ២០១៧ កើនឡើង៣៣ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ គេរំពឹងថា ប្រាក់ចំណូលនេះ នឹងកើនដល់៩០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ ជាហេតុជំរុញឲ្យក្រុមហ៊ុនបង្កើតហ្គេមទាំងឡាយ ព្យាយាមទាញយកអត្ថប្រយោជន៍ពីទីផ្សារ ដែលនៅសល់សក្តានុពលដ៏ច្រើននេះ។
ដោយឡែក អ្នកនាង យូ ហ្វឹន ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន ធែនស៊ែនហ្គេម បានលើកឡើងថា «សព្វថ្ងៃ យើងឃើញមានអ្នកបង្កើតហ្គេម ជនជាតិចិន និងហ្គេមដែលបង្កើតឡើងដោយចិន កាន់តែច្រើនឡើងៗ ពង្រីកវត្តមានទៅបរទេស។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំយល់ថាទីផ្សារនៅបរទេស គឺធំធេងណាស់»។
«យើងដឹងថា ការប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក គឺពិតជាពិបាក ដូច្នេះអ្នកបង្កើតហ្គេមទាំងឡាយ មានឆន្ទៈចង់សិក្សាឲ្យយល់អំពីតម្រូវការផ្សេងៗគ្នា របស់ទីផ្សារនីមួយៗ។ អញ្ជឹង យើងនៅមានឱកាសនៅឡើយទេ ដើម្បីអាចទាក់ទាញចិត្តរបស់អតិថិជន នៅតាមទីផ្សារទាំងនោះ»។
«អ្នកបង្កើតហ្គេមនៅក្រុមហ៊ុនធែនស៊ែន ទទួលស្កាល់ថា វប្បធម៌និងទំនៀមទម្លាប់ នៅតែជាឧបសគ្គសម្រាប់ ការផ្សព្វផ្សាយហ្គេមរបស់ចិននៅបរទេស។ ពួកគេយល់ថា ការបត់បែនទៅតាមកាលៈទេសៈ គឺជាគន្លឹះសំខាន់ដើម្បី ឲ្យហ្គេមទាំងឡាយ អាចសម្រេចបានជោគជ័យទៅថ្ងៃមុខ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាង យូ ហ្វឹន។
លោក ទីង ស៊ីន បានឲ្យដឹងថា យើងបានផ្លាស់ប្តូរហ្គេមរបស់យើងទាំងស្រុង នៅពេលដែលយើងសម្ពោធវា នៅលើទីផ្សារអន្តរជាតិ។ យើងបានរក្សាតួអង្គចិនជាច្រើនឲ្យនៅដដែល។ តែយើងក៏បានបង្កើតឡើងវិញ នូវតួអង្គទាំងនោះភាគច្រើនដែរ ដើម្បីតម្រូវទៅតាមទីផ្សារបរទេស។ អ្វីដែលសំខាន់នោះ គឺនៅត្រង់ថាតើហ្គេមនោះ សប្បាយលេង ឬ អត់។ ចំនុចនេះ វាមិនប្រែប្រួលទៅតាមទីផ្សារនោះទេ។
បច្ចុប្បន្ន គឺជាសម័យដែលហ្គេមវីឌីអូតាមអ៊ីនធើណេត រីកចម្រើនយ៉ាងឆាប់រហ័ស ហើយការប្រកួតនិងព្រឹតិ្តការណ៍ផ្សេងៗ មានគេរៀបចំឡើងគ្រប់កន្លែងតែម្តង។ មនុស្សម្នាកាន់តែច្រើន ក៏កំពុងជជែកគ្នាថា ការប្រកួតហ្គេមវីឌីអូ តាមអ៊ីនធើណេត គួរតែត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតអូឡាំពិក ដែលនឹងចូលមកដល់នាពេលខាងមុខនេះផងដែរ៕ (សារព័ត៌មាន CCTV របស់ចិន)