(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោកស្រី Shusma Swaraj បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរខ្ពស់ចំពោះគំនិតបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អ្នកស្រីបានចាត់ទុកការបង្កើតស្ថាប័នថ្មីមួយនេះថា ជាគំនិតផ្សះផ្សារជាតិដ៏អស្ចារ្យមួយរបស់កម្ពុជា។
ការកោតសរសើរចំពោះគំនិតបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ពីសំណាក់លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានធ្វើឡើងក្នុងពេលលោកស្រីអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ។
បើតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងជំនួបនាព្រឹកមិញនេះ លោកស្រី Shusma Swaraj បានលើកសរសើរពីដំណើរការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅក្នុងសភាពល្អប្រសើរ និងមានប្រជាពលរដ្ឋច្រើនបានចេញទៅបោះឆ្នោត។ លោកស្រី បានចាត់ទុកចំនួនចេញទៅបោះឆ្នោតដ៏ច្រើនលើសលុបរបស់ប្រជាពលរដ្ឋគឺជាការសម្រេចចិត្តក្នុងការរក្សាបាននូវសុខសន្តិភាពនៅកម្ពុជា។
លោកស្រីរដ្ឋមន្ត្រីកាបរទេសឥណ្ឌា ក៏បានសម្តែងការអបអរសាទរចំពោះដំណើរការដ៏ជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា និងបានអបអរសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីផងដែរ។
ក្រៅពីការនិយាយអំពីការបោះឆ្នោតហើយនោះ លោកស្រី Shusma Swaraj ក៏បានលើកឡើងពីការបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ផងដែរ។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស។
លោកស្រី Shusma Swaraj បានថ្លែងថា ការបង្កើតឧត្តមក្រុមប្រឹក្សានេះ ជាការផ្តល់ឱកាសដល់គណបក្សនយោបាយដទៃដែលមិនមានអាសនៈនៅក្នុងរដ្ឋសភា បានចូលរួមចំណែកក្នុងការងាររបស់រាជរដ្ឋាភិបាល។
លោក កេត សោផាន់ បានដកស្រង់សម្តីរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌាមកបញ្ជាក់យ៉ាងដូច្នេះ «ជាគំនិតផ្តួចផ្តើមមួយដ៏ល្អអស្ចារ្យសម្រាប់ការផ្សះផ្សារជាតិផ្តល់ដល់គណបក្សនយោបាយផ្សេងៗ ដែលមិនបាន់ជាប់ឆ្នោតកាន់កាប់អាសនៈនៅរដ្ឋសភាក្នុងការចូលរួមលើសេចក្តីសម្រេចចិត្តផ្សេងៗរបស់រដ្ឋាភិបាលថ្មី»។
ក្នុងជំនួបនាព្រឹកមិញនេះលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញពីបរិយាកាសនយោបាយដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ តាមរយៈការដោះលែងអ្នកនយោបាយជាប់ទោសនានា ដែលជាការបង្ហាញឲ្យឃើញពីស្មារតីផ្សះផ្សារជាតិរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សូមបញ្ជាក់ថា ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅថ្ងៃទី២១ ខែសីហា ម្សិលមិញនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដោយមានការឯកភាពពីគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ចំនួន១៥។
«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ មានសមាសភាពមកពីគណបក្សដែលបានចូលរួមបោះឆ្នោតអាណត្តិទី៦ ជាមួយការឯកភាពពីនាយករដ្ឋមន្រ្តី។ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី (ដោយតែងតាំងឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី)។
ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងបញ្ជីបោះឆ្នោត។ «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»នេះ មានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ។ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព។
«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ត្រូវប្រជុំរៀងរាល់មួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន ហើយប្រជុំជាមួយនាយករដ្ឋមន្រ្តី៦ខែម្តង ឬ ជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី។
«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕