(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពង្រាយរថយន្តក្រុងសាធារណៈ នៅតាមផ្លូវជាតិសំខាន់ៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅមកស្រុកកំណើត ដោយមិនគិតថ្លៃ ទប់ស្កាត់ការដំឡើងថ្លៃរថយន្តឈ្នួលតាមអំពើចិត្ត។
ការបញ្ជាក់ជាថ្មីម្តងទៀតរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីទទួលបានជោគជ័យ ក្នុងការពង្រាងរថយន្តក្រុងសាធារណៈ ដឹកប្រជាពលរដ្ឋទៅមកស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌកាលពីពេលកន្លងទៅ ដោយទទួលបានការសាទរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ហើយទប់ស្កាត់បានយ៉ាងល្អ មិនឲ្យក្រុមហ៊ុនដឹកជញ្ជូនឯកជនដំឡើងថ្លៃ។
ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដឹងតែជោគជ័យប៉ុនណេះហើយ ឡានក្រុងអត់បន្ធូរទេ សុខចិត្តខាត ដាក់ឡានក្រុងកាន់តែច្រើន។ ខែភ្ជុំ ខែចូលឆ្នាំ ពង្រាយឡានក្រុងតាមផ្លូវជាតិ ដើម្បីកុំឲ្យពួកថៅកែឡានដំឡើងថ្លៃ ស្រេចតែចិត្ត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើទោះបីត្រូវដឹកបងប្អូនកម្មករ និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំ ធ្វើឲ្យខាតបង់ក្តី ក៏តែពង្រាយរថយន្តក្រុងឲ្យបានច្រើន ដើម្បីជួលសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋ។
បច្ចុប្បន្នរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន១៩០គ្រឿង ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើង ពីគម្រោងទិញរថយន្តក្រុង និងពង្រីកខ្សែរត់បន្ថែម ឲ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ បានប្រកាសឲ្យកម្មករ-កម្មការិនី ជិះឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ការផ្តល់ជូននូវការជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ ទទួលបានការសាទរ និងពេញចិត្តយ៉ាងខ្លាំងពីកម្មករ កម្មការិនី។ លើសពីនេះមិនមែនតែកម្មករ កម្មការិនីនោះទេ ដែលទទួលបានការជិះរថយន្តក្រុងដោយឥតគិតថ្លៃនោះ គឺមានសិស្សនិស្សិត ព្រះសង្ឃ ជនពិការ ចាស់ជរា កីឡាករ កីឡាការិនី និងកុមារកម្ពស់ក្រោម១ម៉ែត្រ ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃផងដែរ។ ជាធម្មតាការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋតម្លៃ១៥០០រៀលក្នុងម្នាក់៕