(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក វង្ស ពិសិទ្ធ នាយកគម្រោង, និងលោក អ៊ុក នីដា តំណាងធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្សាររាត្រីក្រុងបាត់ដំបង ក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។
ការកសាងផ្សាររាត្រីថ្មីក្រុងបាត់ដំបង នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ គឺជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមទន្លេមេគង្គ-ខេត្តបាត់ដំបង ដែលត្រូវបានផ្តល់ហិរញ្ញប្បទានឥតសំណង ដោយមូលនិធិជប៉ុនដើម្បីកាត់បន្ថយភាពក្រីក្រ។
ផ្សាររាត្រីថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ និងនៅចំកណ្តាលក្រុងបាត់ដំបង នៅចន្លោះរវាងសាលាខេត្ត និងដងស្ទឹងសង្កែ។ គម្រោងនេះត្រូវបានអនុម័ត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ដែលរយៈពេលសាងសង់ ចាប់តាំពីខែសីហា ឆ្នាំ២០១៧ រហូតដល់ ខែមេសា ឆ្នាំ២០១៨។
ផ្សាររាត្រីនេះសាងសង់ចំណាយថវិកាអស់ជាង ៣០០,០០០ដុល្លារអាមេរិក នៅលើទំហំផ្ទៃដី ៣,០៦៤ម៉ែត្រក្រឡា។ ក្រុមអាជីវករផ្សារក្រីក្រមានចំនួន ១៥២នាក់ ក្នុងនោះស្រីមាន ១៣៧នាក់ ដែលត្រូវបានចងក្រងជាសមាគមអាជីវករផ្សារ ដែលគ្រប់គ្រងដោយគណៈកម្មការគ្រប់គ្រងផ្សាររាត្រី។ សមាជិកអាជីវករផ្សារទាំង ១៥២នាក់ ក៏ទទួលបានការបណ្តុះបណ្តាល និងទទួលបានថវិកាសម្រាប់អាជីវកម្មរបស់ពួកគាត់ ដែលគាំទ្រដោយគម្រោងនេះផងដែរ៕