(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់លិខិតជូនសម្តេចនាយករដ្ឋមន្រ្តី ស្នើបង្កើតខេត្តថ្មីចំនួន២ទៀត ដោយខេត្តមួយ កាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរី។
សំណើររបស់សម្ដេចក្រឡាហោម ស ខេង ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឯកភាពនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
យោងតាមលិខិតសំណើររបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ការសម្រេចស្នើបង្កើតខេត្តពីរថ្មីនេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ខេត្តថ្មីទាំងពីរនេះ ខេត្តមួយត្រូវកាត់ចេញពីខេត្ដកណ្ដាល និងខេត្តមួយទៀត ត្រូវកាត់ចេញពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីសម្ដេចឯកភាពរួចហើយ ក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ ពីសម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជា មានខេត្តចំនួន២៤ និងរាជធានីមួយ គឺរាជធានីភ្នំពេញ៕