(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីជម្លោះឈានដល់បែកបាក់ជាតិក្នុងសង្គមខ្មែរគឺកើតចេញពីការបោះឆ្នោត។ បើដូច្នេះបើខ្មែរបញ្ចប់ជម្លោះនយោបាយបែកបាក់ជាតិ ក្រោយពីការបោះឆ្នោតនេះបាន ពិសេសបើខ្មែរលុបបំបាត់នូវគំនិតទស្សននៅពេលខ្មែរសម្លឹងឃើញមុខគ្នា គឺមើលឃើញដល់ថ្លើមប្រម៉ាត់ដោយចង់ស៊ីថ្លើមប្រម៉ាត់គ្នា ដូចយើងទំាងអស់គ្នាបានដឹងឮកាលពីអតីតជាភស្ដុតាងនោះបាន គឺ«ខ្មែរនឹងខ្លំាង»។
ស្ថិតត្រង់បរិបទនេះបើនិយាយអំពីទស្សនវិជ្ជាសម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើតឧត្ដមប្រឹក្សានិងពិគ្រោះយោបល់ដោយប្រមូលផ្ដុំពីគ្រប់គណបក្សនយោបាយក្នុងអាណត្ដិទី៦នេះ គឺក្នុងគោលបំណង ដើម្បីបញ្ចប់ជម្លោះនយោបាយបែកបាក់ជាតិក្រោយពីការបោះឆ្នោតនេះ ពិសេសដើម្បីលុបបំបាត់នូវគំនិតទស្សនខ្មែរកាលពីអតីតនេះឯង។
ដោយហេតុថាបើយើងនិយាយពីប្រវត្ដិក្នុងការបែកបាក់ជាតិ និងជម្លោះរវាងខ្មែរនិងខ្មែរ បើយើងរាប់ចាប់ពីឆ្នាំ១៩៧០ បន្ដដល់ឆ្នំា១៩៧៩ និងរហូតដល់ឆ្នំា១៩៩១ គឺក្នុងស្ថិតដំណាក់កាលនោះក្នុងគំនិតទស្សនខ្មែរ នៅពេលជួបសម្លឹងឃើញមុខគ្នា គឺមើលឃើញដល់ថ្លើមប្រម៉ាត់ ដោយចង់ស៊ីថ្លើមប្រម៉ាត់គ្នា។
លោក រត្ន័ សណ្ដាប់ បន្ដថាបើហេតុនេះបើយើងឈរលើប្រវត្ដិនៃជំម្លោះបែកបាក់ជាតិរវាងខ្មែរនិងខ្មែរក្នុងដំណាក់កាលនោះ គឺគ្មានបរទេសណាគេជឿថាខ្មែរយើងអាចផ្សះផ្សាគ្នា ឬអាចរស់នៅជាមួយគ្នាយ៉ាងសុខសាន្ដដូចយើងឃើញសព្វថ្ងៃនេះទេ។ ពីព្រោះការបែកបាក់ជាតិ និងជម្លោះរវាងខ្មែរនិងខ្មែរនាពេលនោះ គឺមានសភាពដ៏សោតសៅជាទីបំផុត គឺស្ទើរតែធ្វើឲ្យខ្មែរយើង បាត់បង់ពូជសាសន៍នៅលើផែនដី ឬផែនទីពិភពលោកយើងនេះទៅហើយ។
ក្នុងការបែកបាក់ជាតិនេះ បើនិយាយពីការផ្សះផ្សាជាតិវិញ ចំពោះខ្មែរដែលយើងអាចរស់នៅជួបជុំវង្សត្រកូលជាមហាគ្រួសារខ្មែរតែមួយ យ៉ាងសុខសាន្ដដូចយើងឃើញសព្វថ្ងៃនេះ គឺពុំមែនជាការងាយស្រួល ឬលេងសើច ឬចៃដន្យទេនោះទេ គឺឈរលើទស្សនវិជ្ជាផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិដ៏ច្បាស់លាស់ជាទីបំផុតរបស់សម្ដេចតេ ហ៊ុន សែននេះឯង។ ក្នុងនោះ ចំពោះការផ្សះផ្សាជាតិយើងអាចចែកបី ដំណាក់កាលជាអាទិ៍៖
ទីមួយ៖ កិច្ចព្រមព្រាងទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាការបង្រួបបង្រួមជាតិរវាងភាគីខ្មែរដែលមានជម្លោះជាមួយគ្នា។
ទីពីរ៖ នយោបាយឈ្នះ-ឈ្នះឆ្នាំ១៩៩៨ ជាការធ្វើសមាហរណ៍កម្មនិងរំលាយនូវអង្គការចាត់តំាងខ្មែរក្រហម ឲ្យមករួមរស់ជាសង្គមមហាគ្រួសារខ្មែរតែមួយ។
ទីបី៖ ការបង្កើតឧត្ដមប្រឹក្សាផ្ដល់និងពិគ្រោះយោបល់ក្នុងអាណត្ដិទី៦នេះ ជាទស្សនវិជ្ជាថ្មីមួយទៀត ក្នុងការបញ្ចប់ជម្លោះទស្សននយោបាយបែកបាក់ជាតិក្រោយពីការបោះឆ្នោតរួច។ ពីព្រោះថាសព្វថ្ងៃ ប្រទេសខ្មែរយើងមានសន្ដិភាពទំាងស្រុងទូទំាងប្រទេសមែន។ ប៉ុន្ដែចំពោះស្ថេរភាពនយោបាយក្រោយពីការបោះឆ្នោតរួច គឺងាយនឹងធ្វើឲ្យខ្មែររងនូវការបែកបាក់ ជាតិផងដែរ។ ជាក់ស្ដែងដូចយើងទំាងអស់គ្នាតែងឃើញនាអាណត្ដិនីមួយៗកន្លងមកជាភស្ដុតាង។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថា បើដូច្នេះដើម្បីជៀសវាងនូវបញ្ហា ដែលអាចនឹងនំាដល់ការបែកបាក់ជាតិត្រង់ចំណុចនេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន បង្កើតឧត្ដមប្រឹក្សាផ្ដល់ និងពិគ្រោះយោបល់នោះ។ ត្រង់ចំណុចនេះ ប្រហែលក្នុងគោលបំណងដើម្បីប្រាប់សកម្មជនអ្នកនយោបាយទំាងអស់ថាបើនរណាមានបំណងកាប់សម្លាប់ ឬប្រើអំពើហិង្សាលើគ្នា អ្វីមួយនៅមុន ឬក្រោយបោះឆ្នោតនោះ គឺគិតភ្លាមថា«យី!អញកុំប្រើហិង្សាអី ពីព្រោះគង់តែមេអញត្រួវគ្នាឬអង្គុយធ្វើការជាមួយគ្នាតែដដែលៗ»នោះទេ។ បើដូចនេះចំពោះទស្សនវិជ្ជា នេះហៅថា«ជាការបង្កើតនូវប្រពៃណីវប្បធម៌អហិង្សា»នេះឯង។
បើដូចនេះបើឈរលើមូលដ្ឋានទស្សនវិជ្ជាសម្ដេចតេ ដំណាក់កាលទី៣នេះទៀត បើអ្នកនយោបាយខ្មែរទំាងអស់អនុវត្ដបាន គឺសង្គមខ្មែរយើងនឹងក្លាយជាសង្គមប្រជាធិបតេយ្យ ការអភិវឌ្ឍ និងការរស់នៅជាមហាគ្រួសារខ្មែរតែមួយយ៉ាងសុខសាន្ដតរៀងទៅ៕