(ភ្នំពេញ)៖ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ទើបទទួលបានពានរង្វាន់អាស៊ីណូបែល ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ពិធីប្រគល់ពានរង្វាន់នេះរៀបចំឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ លោក ឆាំង យុ គឺជាមនុស្សដ៏អស្ចារ្យម្នាក់ ក្នុងចំណោម៦នាក់មកពីតំបន់អាស៊ី ដែលទទួលបានពានរង្វាន់អាស៊ីណូបែល ឆ្នាំ២០១៨ ឬ ពានរង្វាន់ រ៉ាម៉ុន ម៉ាក្សសេយ៍សេយ៍ ឆ្នាំ២០១៨ ពី Ramon Magsaysay award Foundation។
ក្នុងការសម្រេចជ្រើសយក លោក ឆាំង យុ ឲ្យទទួលពានរង្វាន់ រ៉ាម៉ុន ម៉ាក្សសេយ៍សេយ៍ឆ្នាំ២០១៨ គណៈកម្មាការបានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែងដ៏ថ្លៃថ្លា និងធំធេងរបស់លោក ក្នុងការរក្សាការចងចាំនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជាភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់លោក ក្នុងការបញ្ជាក់ឲ្យឃើញថា ការចងចាំអំពីភាពរន្ធត់ដែលកើតមាន អាចក្លាយជាគ្រឹះសម្រាប់ការកសាងឡើងវិញ នូវសង្គមមួយដែលប្តូរផ្តាច់ចំពោះអនាគត តាមរយៈការស្វែងរកការពិត និងថែរក្សាយុត្តិធម៌សម្រាប់ប្រទេសជាតិរបស់លោក និងពិភពលោក។
ចំពោះការទទួលបានពានរង្វាន់នេះ លោក ឆាំង យុ បង្ហាញក្តីរីករាយ និងចាត់ទុកជាកិត្តិយសយ៉ាងខ្លាំង។
លោកនិយាយថា «ក្នុងពេលដែលទទួលពានរង្វាន់មួយនេះ សភាវគតិរបស់ខ្ញុំ បានក្រើនរម្លឹកខ្ញុំនូវទស្សនៈមួយដែលថា ប្រសិនបើអ្នកបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ អ្នកគឺជាមនុស្សដែលមានសំណាងខ្លាំងណាស់។ អ្នកអាចចាប់ផ្តើមជីវិតសារជាថ្មីម្តងទៀត។ អ្នកអាចមានទីជម្រក មានផ្ទះសម្បែង មានការងារធ្វើ មានមិត្តភ័ក្ត្រ និងចាប់ផ្តើមកសាងគ្រួសារថ្មីមួយ។ ប៉ុន្តែអ្នកនឹងមានការរំខានដោយសារតែរឿងរ៉ាវជាច្រើន ដែលបានកើតឡើងមកលើខ្លួនឯង។ ជីវិត និងផ្លូវចិត្តរបស់អ្នក ទទួលរងការបែកបាក់។ បេះដូងរបស់អ្នកទទួលរងការឈឺចាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់។ អ្នកត្រូវបានរំខានដោយការចងចាំរបស់អ្នក។ អ្នកមានអារម្មណ៍ថា មានកំហុសដោយសារ តែអ្នកអាចរស់រានមានជីវិត ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានបាត់បង់ជីវិត ហើយអ្វីដែលអាក្រក់ជាងនេះទៀតនោះ គឺអ្នកអាចបាត់បង់ក្តីសង្ឃឹម»។
ជាមួយគ្នានេះម្ចាស់ពានរង្វាន់អាស៊ីណូបែលរូបនេះ បានជំរុញលើកទឹកចិត្តដល់អ្នកដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអ្នកដទៃផ្សេងទៀត ត្រូវខិតខំតស៊ូកុំបោះបង់ចោលក្តីសង្ឃឹម។
លោកលើកឡើងទៀតថា «ខ្ញុំក៏ត្រូវបានក្រើនរម្លឹកជារៀងរាល់ថ្ងៃ ដោយអ្នករស់រានមានជីវិត និងអ្នកដទៃទៀត ដែលបានខិតខំតស៊ូធ្វើការងារដើម្បីជួយអ្នករស់រានមានជីវិតទាំងអស់នោះថា កុំឲ្យខ្ញុំបោះបង់ចោលក្តីសង្ឃឹម។ ខ្ញុំបានយកកំលាំងដែលមិនចេះទ្រុឌទ្រោម វីរភាពដ៏អស្ចារ្យ និង ចិត្តមេត្តា របស់អ្នកដែលរស់រានមានជីវិតទាំងអស់ ដែលបានជ្រោមជ្រែងអ្នកដទៃ មកទុកនៅក្នុងបេះដូងរបស់ខ្ញុំ»។
តំណាងឲ្យម្តាយរបស់លោក និងម្តាយទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដែលបានរួចរស់ជីវិតពីអំពើប្រល័យពូជសាសន៍, លោក ឆាំង យុ សូមយកពានរង្វាន់ដែលទើបទទួលបាននេះ រម្លឹកដល់ចិត្តមេត្តារបស់ប្រជាជនហ្វីលីពីន ព្រោះថានាអំឡុងឆ្នាំ ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រទេសហ្វីលីពីនបានស្វាគមន៍ និងទទួលយកជនភៀសខ្លួនពីប្រទេសកម្ពុជា។
សូមជម្រាបថា មនុស្ស៦នាក់ដែលទទួលបានពានរង្វាន់អាស៊ីណូបែល ២០១៨ រួមមាន៖ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, លោកស្រី Maria Lourdes Martins Cruz មកពីប្រទេស East Timor, លោក Howard Dee ជនជាតិហ្វីលីពីន, លោក Bharat Vatwani ជនជាតិឥណ្ឌា, លោកស្រី Vo Thi Hoang Yen ជនជាតិវៀតណាម និង លោក Sonam Wangchuk ជនជាតិឥណ្ឌា៕