(ភ្នំពេញ)៖ ខណៈសំណុំរឿងក្បត់ជាតិ កាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ាវៀតណាម កំពុងតែដំណើរការ សម រង្ស៊ី បានផ្តល់ភស្តុតាងថ្មីបន្ថែមនៅក្នុងសំណុំរឿងនេះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨ ក្នុងជំនួបជាមួយក្រុមជនភៀសខ្លួនម៉ុងតាញ៉ានៅសហរដ្ឋអាមេរិក ដោយមានវត្តមាន កុក សរ មេចលនាវៀតណាមសេរីបង្ហាញវត្តមានផងដែរ តាមរយៈខ្សែអាត់វិដេអូ បង្ហោះតាមហ្វេសប៊ុកសកម្មជនអតីតបក្សសង្គ្រោះជាតិឈ្មោះ សុភ័ណ្ឌ ឡារី។ សម រង្ស៊ី បានគូសបញ្ជាក់សាជាថ្មីពីគោលជំហរថា ខ្លួននឹងទទួលស្គាល់ក្រុមម៉ុងតាញ៉ា និងផ្តល់ស្វ័យភាព កាត់ទឹកដីឱ្យពួកគេគ្រប់គ្រងក្នុងខេត្តរតនគិរីមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះដូចការបានចុះកិច្ចព្រមព្រៀងរួមគ្នាកាលពីឆ្នាំ ២០១៣ កន្លងទៅ ព្រមទាំងសន្យាជួយ និងចូលរួមផ្លាស់ប្តូររបបដឹកនាំនៅវៀតណាមជាមួយក្រុមម៉ុងតាញ៉ា នាំយកលទ្ធិប្រជាធិបតេយ្យជូនដល់ប្រទេសវៀតណាម ផ្តល់សិទ្ធិសេរីភាពដល់ក្រុមជនជាតិម៉ុងតាញ៉ាថែមទៀតផង។ 

សារទាំងនេះត្រូវបានគាំទ្រពេញទំហឹង ហើយមេចលនាម៉ុងតាញ៉ាវៀតណាម កុក សរ បានបង្ហាញពីការដឹងគុណចំពោះសម រង្ស៊ី ដោយថ្លែងថាអនាគត ប្រទេសកម្ពុជានិងវៀត ណាមគឺជាក្លាយជាប្រទេសតែមួយ និងជាប្រជាជនតែមួយ។

សម រង្ស៊ី បានប្រព្រឹត្តនូវទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។ នេះគឺជាការនាំប្រទេសកម្ពុជា ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាមួយប្រទេសជិតខាងយ៉ាងពិតប្រាកដ និងបែងចែកទឹកដីកម្ពុជាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ សម រង្ស៊ី ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត ហើយប្រជាពលរដ្ឋខ្មែរមិនអាចអត់ឱនឱ្យជនក្បត់ជាតិ ដូច សម រង្ស៊ី នេះបានទេ។ សម រង្ស៊ី បាននឹងកំពុងក្បត់ជាតិ និងនាំជាតិចូលក្នុងគ្រោះថ្នាក់ និងបាត់បង់ទឹកដីដែលពលរដ្ឋខ្មែរបានតស៊ូលះបង់សព្វបែបយ៉ាង ដើម្បីការពារទឹកដីឱ្យបានគង់វង្ស រហូតមកទល់នឹងសព្វថ្ងៃនេះ។ ប៉ុន្តែដើម្បីមហិច្ឆតាអំណាច និងស្វែងរកការគាំទ្រហិរញ្ញវត្ថុពីម៉ុងតាញ៉ាព្រោះពលរដ្ឋខ្មែរភាគច្រើនអស់ជំនឿលើខ្លួន និងលែងផ្តល់ការគាំទ្រទៀត សម រង្ស៊ី បានងាកមកបោកប្រាស់ក្រុមម៉ុងតាញ៉ាវិញម្តង ខណៈជនក្បត់ជាតិរូបនេះមិនដឹងថាពេលណាខ្លួនអាចសង្គ្រោះខ្លួនឯងបាន ហើយយោងតាមច្បាប់ សម រង្ស៊ី គ្មានសិទ្ធិនឹងកាត់ទឹកដី ឱ្យបរទេសឡើយ។ សម រង្ស៊ី បាននិងកំពុងធ្វើនយោបាយបំផ្លាញជាតិ បំផ្លាញបូរណភាពទឹកដីកម្ពុជា ដោយជាន់ឈ្លីឯករាជភាពជាតិខ្មែរ ហ៊ានយកប្រទេសខ្មែរឱ្យជាតិសាសន៍ដទៃ។

នៅពេលនេះ ប្រជាពលរដ្ឋខ្មែរកាន់តែមើលឃើញច្បាស់ថា នរណាជាអ្នកស្នេហាជាតិពិតប្រាកដ! សំណាងសម្រាប់កម្ពុជាណាស់ដែល នៅក្នុងការបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជាជាឈ្នះ ការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល និងដឹកនាំប្រទេស បើពុំនោះទេដីខ្មែរនឹងស្ថិតក្រោម ការគ្រប់គ្រងរបស់ជបរទេសដែលសម រង្ស៊ី តែងតែចោទថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នធ្វើជាអាយ៉ងនោះ។ កាន់តែសំណាងថែមទៀត នៅពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួល ជោគជ័យក្នុងការបង្ក្រាប និងកម្ទេចអង្គការចាត់តាំងនយោបាយ និងកម្លាំងនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា និងចុងក្រោយកាន់តែសំណាងខ្លាំងពេលដែលតុលាការកំពូល រកឃើញថាបក្សសង្គ្រោះជាតិដែលបានឃុបឃិតនឹងបរទេសទទួលការបង្គាប់បញ្ជាពីបរទេសត្រូវបានសម្រេចរំលាយចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ ទប់ស្កាត់អំពើទុច្ចរិតរបស់ក្រុមអ្នកនយោបាយកញ្ជះបរទេសដូច សម រង្ស៊ី នេះ នៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ពលរដ្ឋខ្មែរបានសម្រេចផ្តល់សេចក្តីទុកចិត្តយ៉ាងច្រើនភ្លូកទឹកភ្លូកដីដល់ គណបក្សប្រជាជនកម្ពុជា និងដល់សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសបន្តទៀត។

សម រង្ស៊ី ដែលបានចុះកិច្ចព្រមព្រៀងផ្តល់ស្វ័យភាពឱ្យជនជាតិម៉ុងតាញ៉ាវៀតណាមគ្រប់គ្រងខេត្តខ្មែរ ៤ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ! ដើម្បីបំពេញមហិច្ឆតាអំណាច ក្រុមអ្នកនយោបាយប្រឆាំងមិនញញើតនឹងក្បត់ជាតិខ្លួនឯង ស្តាប់បង្គាប់ និងកាត់ដីឱ្យបរទេសឡើយ! សម រង្ស៊ី ប្រកាសប្រឆាំងដាច់ខាតចំពោះ វៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសម្ងាត់ ហើយសម្រួលនិងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមព្រំដែន រួមនឹងសន្យាកាត់ទឹកដីឱ្យក្រុមម៉ុងតាញ៉ា វៀតណាមថែមទៀត។

សម រង្ស៊ី ញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ស្អប់ខ្ពើមជនជាតិវៀតណាម ប៉ុន្តែដើម្បីជួយខ្លួនឡើងកាន់អំណាច បានចរចាសម្ងាត់ជាមួយវៀតណាម។ ជាតិនិងប្រជាជនកម្ពុជា មិនអាចទុកចិត្តលើក្រុមជនក្បត់ជាតិនេះបានឡើយ! មិនទាន់នឹងបានឡើង ដឹកនាំប្រទេសផង ហ៊ានចុះហត្ថលេខាកាត់ដីឱ្យបរទេសទៅហើយ និងអ្នកខ្លះដើម្បីឡើងកាន់អំណាច សុខចិត្តទទួលបង្គាប់បញ្ជាពីបរទេសដើម្បីបំផ្លាញជាតិខ្លួនឯង។ ប្រជាពលរដ្ឋកម្ពុជាមិនត្រូវបានទង្វើក្បត់ជាតិទាំងនេះឡើយ និងចូលរួម ជ្រោងទង់ជាតិខ្មែរ ប្រឆាំងនឹងអំពើក្បត់ជាតិ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។

កម្ពុជា ពេលនេះបានសុខសន្តិភាព ដោយសារតែបាតដៃនៃថ្នាក់ដឹកនាំនៃគណបក្ស ប្រជាជនកម្ពុជា និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។ ដោយសារតែអំពើល្អរបស់កម្ពុជា ប្រទេសដែល ធ្លាប់តែកំសត់ និងរងទុក្ខវេទនាដោយសង្គ្រាមស៊ីវិលមួយនេះ បានបន្តរស់នៅយ៉ាងសុខសាន្តក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ ហើយក្រុមជនក្បត់ជាតិក៏ត្រូវបាន រំលាយចោលនូវអង្គការចាត់តាំងនយោបាយផងដែរ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨


អ្នកវិភាគ៖ សម រង្ស៊ី បន្តផែនការក្បត់កម្ពុជាកាត់ទឹកដីឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម (Video inside)