(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានប្រកាសពីវិធានការដាច់ណាត់ និងចំណាត់ការដ៏ម៉ឺងម៉ាត់មានប្រសិទ្ធភាព មិនមែនជាការដាក់បង្អើល ឬគំរាម គឺជាប្រតិបត្តិការទ្រង់ទ្រាយធំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដែលបំពានច្បាប់នៅតាមទីតាំងសេវាកំសាន្ដ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ដ និងកន្លែងសប្បាយនានានៅទូទាំងរាជធានីភ្នំពេញ ដែលមាន រហូតដល់ជាង១,០០០ទីតាំង ក្នុងករណីម្ចាស់ទីតាំងអាជិវកម្មទាំងឡាយ បានលួចផ្តល់ទីតាំងសម្រាប់ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់យ៉ាងខ្លាំងៗថា ប្រតិបត្តិការទ្រង់ទ្រាយធំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ ដែលជាសេនាធិការរបស់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លើការបង្ក្រាបបទល្មើសគ្រឿងញៀន គឺជាយុទ្ធនាការដ៏ក្ដៅគគុកយ៉ាងដាច់ណាត់ តមតាមបទបញ្ជារបស់ប្រមុខ នៃរាជរដ្ឋាភិបាល រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ និងជាការអនុវត្តវិធានការច្បាប់ ដែលបានដាក់ចេញលើការបង្ក្រាបបទល្មើសមួយនេះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាវិធានការដាច់ខាតរបស់ខ្ញុំផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងយុទ្ធនាការដ៏ក្ដៅគគុកមួយនេះ មិនមែនជាការគំរាម ឬបង្អើល តែគឺជាវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន​បំពានច្បាប់ ផ្ទុយពីកិច្ចសន្យារបស់ខ្លួន ពីសំណាក់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់ទីតាំងសេវាកំសាន្ដនានា ដែលបានធ្វើឡើងនៅចំពោះមុខសាលារាជធានីភ្នំពេញ»។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គិតត្រឹមវេលាថ្ងៃត្រង់ទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ទីតាំងអាជីវកម្មកំសាន្ដ ទាំង១,១៦៨កន្លែង នៅទូទាំងរាជធានីភ្នំពេញ ដែលជាទីតាំងសេវាកំសាន្ដ សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងសប្បាយផ្សេងៗ បានធ្វើកិច្ចសន្យាចំនួន​១៦៥ទីតាំង រួចហើយឈានទៅបញ្ចប់ឲ្យគ្រប់ចំនួនត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

របាយការណ៍បានបង្ហាញថា ទីតាំងសេវាកំសាន្ត សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងសប្បាយភាពផ្សេងៗ សរុបចំនួន១.១៦៨ទីតាំង ក្នុងនោះ៖

*ទីតាំងសេវាកំសាន្ត និងកន្លែងសប្បាយភាពផ្សេងៗ សរុប៧៦៤ទីតាំង
*សណ្ឋាគារ មានចំនួន៧៨ទីតាំង
*ផ្ទះសំណាក់ ចំនួន២៧៨ទីតាំង
*ខុនដូរខ្ពស់ៗចំនួន៤៨ទីតាំង។

​យោងតាមកិច្ចសន្យាដែលម្ចាស់ទីតាំងសេវាកំសាន្ដនានាធ្វើឡើង នៅចំពោះមុខសាលារាជធានីភ្នំពេញនោះ បានបញ្ជាក់ថា៖

*ទី១៖ មិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួន
*ទី២៖ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាយការណ៍ជាបន្ទាន់ ក្នុងករណីសង្ស័យមានការផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មររបស់ខ្លួន *ទី៣៖ អនុវត្តតាមកិច្ចសន្យាដែលបានសន្យា ជាមួយអាជ្ញាធរមានសមត្ថកិច្ច ពេលសុំបើកអាជីវកម្មរបស់ខ្លួន។

ក្នុងករណីពួកគេមិនអនុវត្តតាមកិច្ចសន្យាខាងលើនេះ សុខចិត្តឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវចំពោះមុខច្បាប់ ស្ដីពីបទល្មើសគ្រឿងញៀន។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលបានកាន់តំណែងជាស្នងការអស់រយៈកាលប្រមាណ៦ឆ្នាំ មុនចូលនិវត្តន៍រូបនេះ ក៏បានប្រកាសផងដែរថា «នៅពេលនេះកិច្ចសន្យារបស់អស់លោក ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដូច្នេះចាប់ពីម៉ោងនេះទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមប្រតិបត្តិការស្រាវជ្រាវ រឹតបន្ដឹងចុះបង្ក្រាប បើសិនទីតាំងអាជីវកម្មទាំងឡាយណា នៅបន្ដផ្ដល់កន្លែងឲ្យមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយជាវិធានការដ៏ម៉ឺងម៉ាត់បំផុតអនុវត្តគ្មានការលើកលែង គ្មានការយោគយល់ ចំពោះបទល្មើសបំពានច្បាប់មួយនេះ»

សម្រាប់បទល្មើសគ្រឿងញៀន ស្នងការនគរបាលរូបនេះ ក៏បានបញ្ជាក់ពីប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាបន្ដបន្ទាប់នៅទូទាំង១២ខណ្ឌ ក្នុង​រាជធានីភ្នំពេញ។ ជាក់ស្ដែងចាប់ពីដើមខែមករា រហូតដើមខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មសគ្រឿងញៀនខុសច្បាប់ ចំនួន១,២៥០ករណី ឃាត់បានជនល្មើស២,៣៧២នាក់។ ក្នុងនោះករណីជួញដូរគ្រឿងញៀន មាន៦១០ករណី ឃាត់ខ្លួន១,១៧៥នាក់ និងប្រើប្រាស់គ្រឿងញៀន៦៤០ករណី ឃាត់ខ្លួន១,១៩៧នាក់។

កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា លើកទី២ ​​ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រមុខដឹកនាំក្រសួងមហាផ្ទៃ​ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា បច្ចុប្ប​ន្ននេះនៅតាមតំបន់ជនបទមួយចំនួនក្នុងប្រទេសកម្ពុជា ហាក់កំពុងតែរីករាលដាលនូវ និងគំរាមកំហែងដោយបញ្ហាគ្រឿងញៀនជាបន្ដបន្ទាប់។

ឆ្លើយតបនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបានបង្កើនការយកចិត្តទុកដាក់ និងបង្ក្រាបនូវករណីនេះ ដើម្បីកុំឲ្យបន្ដការរីករាលដល់បន្ថែមទៀត ខណៈដែលមេក្លោងគ្រឿងញៀន ដែលនាំចូលពីប្រទេសជិតខាងមកកម្ពុជា ត្រូវបង្ក្រាប និងចាប់ខ្លួនបានជាបន្ដបន្ទាប់។

ត្រង់ចំណុចនេះ សម្ដេចសង្កត់ធ្ងន់ថា សមត្ថកិច្ចបង្ក្រាបតែករណីចែកចាយគ្រឿងញៀន មិនមែនបង្ក្រាបកន្លែងកំសាន្ដទេ ប៉ុន្ដែបើម្ចាស់ទីតាំងអនុញ្ញាតឲ្យក្រុមជនសង្ស័យ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននោះ ម្ចាស់ទីតាំងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ដូច្នេះបញ្ហានេះមិនអាចបណ្ដែតបណ្ដោយបាននោះទេ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបង្ក្រាបឲ្យខាងតែបាន៕