(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានលើកឡើងពីប្រសិទ្ធភាពនៃឥណទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឥណទាននេះរក្សាបានតម្លៃស្រូវជូនពលរដ្ឋ។
លោក កៅ ថាច បានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋមានការលំបាកច្រើន ក្នុងការរក្សាតម្លៃស្រូវ ដោយឈ្នួញតែងតែទម្លាក់ថ្លៃ ដោយមើលឃើញការលំបាកទាំងនេះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ឥណទានពិសេស ក្នុងការរក្សាតម្លៃស្រូវជូនពលរដ្ឋ។
ការទម្លាក់ឥណទានពិសេសនេះ ផ្តើមចេញពីមានបញ្ហាការធ្លាក់ចុះ នៃតម្លៃស្រូវសែនក្រអូប នៅខេត្តបាត់ដំបង កាលពីឆ្នាំ២០១៦។
លោកបានឲ្យដឹងថា ដំបូលឡើយរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ទុនពិសេសនេះចំនួន២៧លានដុល្លារ ដែលក្នុងនោះមានថវិកាជាតិ ២០លានដុល្លារ, ថវិការបស់ធនាគារ RDB ចំនួន៧លានុដល្លារ ដើម្បីផ្ដល់ឥណទាន រយៈពេលខ្លីទៅកាន់រោងម៉ាស៊ីនធំៗ ពោលផ្ដល់ទៅដល់រោងម៉ាស៊ីនណា ដែលមានសមត្ថភាពទិញស្រូវ របស់កសិកនោះមកទុកក្នុងឃ្លាំង។ ប៉ុន្តែដោយមិនទាន់គ្រប់គ្រាន់នោះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាក់ឥណទានចំនួន២៣លានដុល្លារទៀត សម្រាប់ជាទុនបង្វិលដែលសរុបទាំងអស់ មានចំនួន៥០លានដុល្លារ សម្រាប់ផ្ដល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ដែលប្រមូលទិញស្រូវពីកសិករ។
លោកបានបន្ថែមទៀតថា ទនឹ្ទមនឹងការផ្ដល់ទុនពិសេស សម្ដេចតេជោ ហ៊ុន សែន បានបន្ដ ទម្លាក់ថវិកា១៥លានដុល្លារបន្ថែមទៀត សម្រាប់សាងសងឃ្លាំង និងឡសម្ងួត ដែលសាងសង់រួចរាល់នៅខេត្តបាត់ដំបង ហើយបានដាក់ឲ្យដំណើរការរួចហើយផងដែរ។ បន្ទាប់ពី១៥លានដុល្លារនេះ គិតថាមិនទាន់បានជួយគ្រប់គ្រាន់ សម្ដេចតេជោ បានបន្តសម្រេចទម្លាក់១៥លានដុល្លារបន្ថែមទៀត ដើម្បីសាងសងឃ្លាំងចំនួន៣តំបន់ បន្ថែមទៀតរួមមាន៖ កំពង់ធំ, ព្រៃវែង និងតំបន់ខេត្តតាកែវ និងបានដាក់ឲ្យប្រើប្រាស់រួចរាល់ហើយ។
លោកបានបន្ដទៀតថា មកដល់ម៉ោងនេះ និយាយពីឥណទានសរុបរបស់ធនាគារ RDB ដែលផ្ដល់លើវិស័យទាំងមូលរួមមាន១៤០លានដុល្លារ ក្នុងនោះ៦០ភាគរយនៃឥណទានផ្ដល់ទៅលើផ្នែកស្រូវ អង្ករ ហើយសម្រាប់ឥណទាន៥០លានដុល្លារ មកដល់ពេលនេះបានបញ្ចេញចំនួន៤០លានដុល្លារ និងនៅសល់ប្រមាណ១០លានដុល្លារ សម្រាប់បន្ដដំណើរការទៅមុខទៀត។ ទឹកប្រាក់១០លានដុល្លារនេះ មិនអាចទប់ទល់គ្រប់គ្រាន់ឡើយ សម្រាប់រដូវកាលប្រមូលផលស្រូវ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ ប៉ុន្ដែយើងនៅមានដើមទុន ផ្សេងទៀតក្នុងការជួយ។
លោកបានបន្ថែមទៀតថា «យើងឃើញហើយថា រហូតមកដល់ម៉ោងនេះ ឥណទានដែលបានផ្ដល់ឲ្យ ហៅថាឥណទានកាតាលីករសម្រាប់ ធ្វើស្ថេរភាពរូបនីយកម្មនៃថ្លៃស្រូវ។ បច្ចុប្បន្នតម្លៃស្រូវមានស្ថេរភាពល្អ ពីឆ្នាំ២០១៧-២០១៨នេះ សម្រាប់ស្រូវសែនក្រអូបមានតម្លៃ១០៥០-១១៥០រៀលក្នុង១គីឡូក្រាម ជាតម្លៃដ៏ល្អមួយ»៕