(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា និងជាប្រធានរដ្ឋសភាបណ្តោះអាសន្ន ដោយមានវត្តមានបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៦ ចំនួន១២៥រូប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការរបស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
របៀបវារៈសម័យប្រជុំរដ្ឋសភា គឺការបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតំាងប្រធាន អនុប្រធានរដ្ឋសភា និង ប្រធាន អនុប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
ក្រោយចូលរួមប្រជុំនៅទីបំផុត គឺក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តហើយ នៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ជាមួយគ្នានេះ បញ្ជីឈ្មោះសមាសភាពក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៦ ក៏ត្រូវបានបង្ហាញជាផ្លូវការផងដែរ។
សូមជំរាបថា បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់រដ្ឋសភា៖