(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីនៃប្រទេសមហាអំណាចចិន លោក លី ខេជាំង បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី ។
ក្នុងលិខិតជាភាសាអង់គ្លេសរបស់ លោក លី ខេជាំង ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីចិន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវការអបអរសាទរ ប្រកបដោយភាពកក់ក្តៅ ជំនួសមុខឲ្យរដ្ឋាភិបាលចិន និងខ្លួនខ្ញុំផ្ទាល់ ជូនចំពោះសម្តេចដែលបានឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា បន្តទៅមុខទៀត»។
លោក លី ខេជាំង បានលើកឡើងទៀតថា ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោ ប្រជាជនកម្ពុជាបានទទួលនូវសមិទ្ធផលនៃការអភិវឌ្ឍដ៏ភ្ញាក់ផ្អើល ចំពោះមុខបុព្វហេតុនៃការកសាងជាតិ។ ភាគីចិនពិតជាមានក្តីរីករាយ ចំពោះសមិទ្ធផលទាំងអស់នេះនិងជឿជាក់ថា សម្តេចតេជោ នឹងបន្តដឹកនាំប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសមួយដែលរឹងមាំ និងថ្កុំថ្កើងរុងរឿង។
លោកនាយករដ្ឋមន្ត្រី លី ខេជាំង បានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់ អំពីការផ្លាស់ប្តូរកម្រិតខ្ពស់ទៅវិញទៅមក។ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា និងកិច្ចសម្របសម្រួលពហុវិស័យ ប្រកបដោយភាពជិតស្និទ្ធបំផុតរវាងចិន និងកម្ពុជា។
លោក លី ខេជាំង បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំបានជួប និងពិភាក្សាជាមួយសម្តេចជាច្រើនលើក ហើយយើងបានបន្តរក្សានូវទំនាក់ទំនងការងារដ៏ល្អ និងមិត្តផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅ។ ចំពោះមុនការប្រារព្ធខួបឆ្នាំទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា។ ខ្ញុំសូមយកវេលានេះធ្វើជាឱកាស ដើម្បីបន្តការងារជាមួយសម្តេច ក្នុងការបង្កើតចេញនូវសហគមន៍ ដែលមានការចែករំលែកអនាគតរួមគ្នារវាងចិន និងកម្ពុជា ជាមួយនឹងយុទ្ធសាស្ត្រដ៏គួរឲ្យកត់សម្គាល់, ការផ្តល់ផលប្រយោជន៍ទៅកាន់តំបន់ និងសន្តិភាពសកលលោក, ស្ថិរភាព និងវិបុលភាព»។
សូមជម្រាបថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ក៏បានផ្ញើសារលិខិតមួយជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជារួចហើយ ក្នុងឱកាសដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ៕
បកប្រែក្រៅផ្លូវការ