(ភ្នំពេញ)៖ ក្រុមហ៊ុនដាំចេកទំនើប និងធំជាងគេនៅកម្ពុជា ដែលវិនិយោគ៣២លានដុល្លារ ដាំដុះលើផ្ទៃដីជាង១ពាន់ហិចតា ក្នុងខេត្តកំពត គ្រោងនឹងនាំចេញផ្លែចេកអំបូងលឿងទៅកាន់ទីផ្សារប្រទេសចិន នៅដើមឆ្នាំ២០១៩។
នាយកគ្រប់គ្រងក្រុមហ៊ុន ឡេងមេត អេហ្គ្រីខលឈ័រ លោកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងនាំចេញផ្លែចេកដំបូងលឿង ចន្លោះពី២-៣ម៉ឺនតោនទៅកានទីផ្សារធំបំផុត គឺទីផ្សារប្រទេសចិន។
លោកឧកញ៉ា ហ៊ុន ឡាក់ បញ្ជាក់យ៉ាងដូច្នេះថា «ការចាប់យករបរដំណាំចេក គឺក្រុមហ៊ុនបានសិក្សាយ៉ាងលម្អិត រួមជាមួយទីតាំងដែលមានសក្ដានុពលសមស្រប សម្រាប់ការដាំចេកនេះ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចាប់ផ្តើមដាំដុះរយៈពេលជាង១ឆ្នាំមកហើយ ដូច្នេះក្រុមហ៊ុនរំពឹងថា ខែធ្នូដំណាំចេកនឹងចេញផ្លែផ្កា ហើយដើមឆ្នាំ២០១៩ អាចនាំផ្លែចេកទៅកាន់ ទីផ្សារអន្ដរជាតិជាផ្លូវការ»។
លោកឲ្យដឹងទៀតថា ផែនការដំបូងរបស់ក្រុមហ៊ុន សម្រាប់ឆ្នាំ២០១៩ នឹងគ្រោងនាំចេញចន្លោះពី២៥,០០០-៣០,០០០តោន ដែលនាំចេញទៅទីផ្សារអន្ដរជាតិ។ គោលដៅសំខាន់ របស់ក្រុមហ៊ុន គឺការនាំចេញច្រើនជាង ការផ្គត់ផ្គង់ក្នុងស្រុក ដោយឡែកទីផ្សារដែលគ្រោងនាំចេញមុនគេ គឺប្រទេសចិន បន្ទាប់មកនាំប្រទេសកូរ៉េ, ប្រទេសជប៉ុន ព្រមទាំងបណ្ដាប្រទេសផ្សេងទៀត។
លោកបញ្ជាក់ទៀតថា ការដាំចេកនៅក្នុងទឹកដីខេត្តកំពតនេះ ក៏បានជួយការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការរកប្រាក់ចំណូល ហើយបើតាមការទាយទុក និងមានប្រជាពលរដ្ឋចូលមកធ្វើការ ប្រមាណ២ពាន់នាក់ នៅឆ្នាំក្រោយ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះដំណាំចេកហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគក្នុងវិស័យកសិកម្ម ក្រោយពេលកម្ពុជានិងចិន បានចុះកិច្ចព្រមព្រៀងលើពិធីសារមួយ សម្រាប់បើកទ្វារឲ្យចេកអំបូងលឿងរបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិនបាន។ ប្រទេសចិន ដែលអនុញ្ញាតឲ្យកម្ពុជា នាំចេញចេក៣០ម៉ឺនតោនក្នុងមួយឆ្នាំ៕