(ញូដេលី)៖ អាជ្ញាធររដ្ឋតេឡាងហ្គាណា នៃភាគខាងត្បូងប្រទេសឥណ្ឌាបានឲ្យដឹងថា អ្នកដំណើរយ៉ាងហោចណាស់ ៤៣នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងដែលពួកគេជិះ បានជ្រុលចង្កូតរអិលចេញពីផ្លូវ និងធ្លាក់ចូលទៅក្នុងជ្រលងជ្រោះ ដែលនៅតាមដងផ្លូវនោះតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធររដ្ឋភាគខាងត្បូងឥណ្ឌាបានឲ្យដឹងទៀតថា រថយន្តខាងលើនេះបានដឹកអ្នកដំណើរសរុបចំនួន ៥៥នាក់ធ្វើដំណើរពីរដ្ឋតេឡាងហ្គាណា ឆ្ពោះទៅកាន់ទីក្រុង សានីវ៉ារាំផេតា (Sanivarampeta) ប៉ុន្តែបានជួបគ្រោះថ្នាក់តាមដងផ្លូវ នៅពេលដែលតៃកុងឡានបាត់បង់ភាពម្ចាស់ការ និងរថយន្តផ្ទុកមនុស្សលើសកំណត់។
គួរបញ្ជាក់ថា ជ្រលងជ្រោះតាមដងផ្លូវដែលរថយន្តបានធ្លាក់ចូលនោះ គឺមានជម្រៅរហូតដល់ទៅ ១០ម៉ែត្រឯណោះ ខណៈអ្នករងរបួសទាំងអស់ ១២នាក់ គឺស្ថិតនៅសភាពធ្ងន់ធ្ងរខ្លាំង។ ដោយឡែកចំពោះអ្នកស្លាប់ទាំងអស់គឺ ២០នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និង ២០នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕