(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថោងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ បានឯកភាពគ្នាចំនួន៣ចំណុច ដើម្បីកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ នៅតំបន់អូរតាង៉ាវ ខេត្តស្ទឹងត្រែងរបស់កម្ពុជា ជាមួយនឹងខេត្តអាតាពើរបស់ឡាវ។

ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្រ្តីឡាវ លោក ថោងលូន ស៊ីសូលីត នៅក្រោយវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ចំណុច៣ដែលភាគីទាំងពីរឯកភាពគ្នានេះ រួមមាន៖ ទី១៖ មិនឱ្យមានកងទ័ពប្រទេសទាំងពីរនៅតំបន់ប្រឈមគ្នាទៀតទេ ទី២៖ មិនឱ្យមានប្រជាជននៅតំបន់នោះ និងទី៣៖ ត្រូវល្បាតរួមគ្នាដែលអាចធ្វើដោយថ្មើជើង និងតាមរយៈការបង្ហោះត្រូនក្រោមការត្រួតពិនិត្យរួមគ្នា។

នៅមុនកិច្ចពិភាក្សារបស់នាយករដ្ឋមន្រ្តីទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានបញ្ជាឱ្យកងទ័ពកម្ពុជាដកចេញទាំងអស់ពីព្រំដែននៅតំបន់ប្រឈមនេះ ហើយការដកចេញនេះ ត្រូវបញ្ចប់នៅម៉ោង៥៖០០ល្ងាចថ្ងៃស្អែកតែម្តង។

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា «អ្វីជាចំណុចថ្មីនៃទំនាក់ទំនងរបស់យើង គឺបង្កើតនូវការជឿទុកចិត្ត តាមរយៈនៃការបង្កើតឱ្យមានល្បាតរួម។ កាលមុនគឺកងទ័ពឡាវបានទៅតាមកងទ័ពឡាវ កងទ័ពកម្ពុជាទៅតាមកងទ័ពកម្ពុជា។ ឥឡូវបើយើងចង់ទៅគឺយើងទៅជាមួយគ្នា។ ឯចំណុចសេសសល់ដែលត្រូវបន្តការដោះស្រាយ គឺភាគីទាំងពីរត្រូវធ្វើបែបបទបច្ចេកទេសទៅភាគីបារាំង ហើយភាគីបារាំងបានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្រ្តីប្រទេសទាំងពីររួចហើយ»

លោក ថោងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ បានគាំទ្រនូវការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបានលើកឡើងថា តំបន់នេះ គឺជាតំបន់សេសសល់មិនទាន់ដោះស្រាយនៅឡើយ។​ លោកបានបន្តថា ការឯកភាពរបស់នាយករដ្ឋមន្រ្តីទាំងពីរ គឺជាការឯកភាពដ៏សំខាន់ខ្លឹមសារ បង្កភាពទុកចិត្តគ្នាទៅវិញទៅមក ដែលធ្វើឱ្យប្រជាជនយើងទាំងពីរកាន់តែសប្បាយ។

លោកនាយករដ្ឋមន្រ្តីឡាវ បានបញ្ជាក់បន្ថែមថា៖ «ខ្លឹមសារដែលបញ្ជាក់ដោយសម្តេចតេជោ ហ៊ុន សែន មកថ្ងៃនេះគឺយើងនឹងខិតខំអភិវឌ្ឍការងារឯកភាពគ្នាឱ្យបានទន្ទឹមគ្នា»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូល៉ីត ក៏ធ្លាប់បានជួបពិភាក្សាគ្នា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ នៅវិមានសន្តិភាពផងដែរ។ ក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានជជែកយ៉ាងច្រើនទៅលើបញ្ហាព្រំដែនប្រទេសទាំងពីរ ហើយក៏បានព្រមព្រៀងគ្នាធ្វើលិខិតស្នើទៅរដ្ឋាភិបាលបារាំង សុំអ្នកជំនាញជួយប្តូរខ្នាតផែនទីប្រទេសទាំងពីរពីខ្នាត១ លើ ១០០ពាន់ មក១លើ ៥០ពាន់វិញ។

សូមរំលឹកថា ទាំងជំនួបរបស់នាយករដ្ឋមន្រ្តី ក៏ដូចជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ បានធ្វើឡើងក្រោយពេលឡាវ បានដាក់កងទ័ពចូលមកកាន់លើទឹកដីកម្ពុជានៅតំបន់អូរតាង៉ាវ និងអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយក៏ត្រូវកម្ពុជាស្នើឲ្យដកទៅវិញទាំងអស់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ នៅពេលមានសំណើពីនាយករដ្ឋមន្រ្តីកម្ពុជា។

ប្រទេសកម្ពុជា មានព្រំដែនជាប់នឹងប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ១៤៥បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោលបានចំនួន ១២១បង្គោលរួចហើយ៕