(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសបេឡារុស លោក ស៊ីហ្គេ រូម៉ាស បានផ្ញើសារលិខិតអបអរសាទរចំពោះជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងការបោះឆ្នោតសកលនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងលិខិតរបស់នាយករដ្ឋមន្រ្តី បេឡារុស បានបញ្ជាក់ថា «សាធារណរដ្ឋបេឡារុស មានចំណាប់អារម្មណ៍ពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បេឡារុស ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងរដ្ឋាភិបាលរបស់យើងទាំងពីរ នឹងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសយើងទាំងពីរ»។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណដល់ នាយករដ្ឋមន្រ្តបេឡារុស លោក ស៊ើហ្គេ រូម៉ាស ដែលបានស្វាគមន៍ និងជូនពរសម្តេច ដែលឈ្នះក្នុងការបោះឆ្នោត ហើយបន្តតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិថ្មី។
នៅក្នុងសារលិខិតនេះចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំសូមសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ សារជូនពរដ៏កក់ក្តៅរបស់ ឯកឧត្តម ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ»។
សម្តេចបានបន្តទៀតថា ចំនួនអ្នកទៅបោះឆ្នោតមានច្រើនដល់ ៨៣.០២% និងការគាំទ្រដ៏ច្រើនលើសលប់ ចំពោះគណបក្សប្រជាជនកម្ពុជា បានសរបញ្ជាក់ឱ្យឃើញពីជម្រើសរបស់ប្រជាជនកម្ពុជា នៅបន្តរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងប្រជាធិបតេយ្យក៏ដូចជាការការពារឯករាជភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាពីការលូកដៃរបស់បរទេស។
សម្តេចបានបន្ថែមថា ក្នុងរយៈពេលកន្លងមកនេះ កម្ពុជា និងបេឡារុសសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍រួម និងការគាំទ្រគ្នាទៅវិញទៅមក។ សម្តេចសង្ឃឹមយ៉ាងម៉ុតមាំថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់មេដឹកនាំប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់លើគ្រប់វិស័យ សម្រាប់ជាប្រយោជន៍នៃប្រជាជន៕