(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ របស់លោក កែម រិទ្ធសិត ដែលជាប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានថ្លែងថា វិទ្យុអាស៉ីសេរី (RFA) បានបរាជ័យទាំងស្រុង លើការស្ទង់មតិអ្នកគាំទ្រ និងអ្នកមិនគាំទ្ររាជរដ្ឋាភិបាល ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដែលទើបនឹងបង្កើតឡើង កាលពីដើមខែកញ្ញានេះ។
អ្នកនាំពាក្យគណបក្សខ្មែរតែមួយលោក គុជ លី បានឲ្យដឹងថា ទិន្និន័យអ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដ៏ច្រើនលើសលប់នេះ ធ្វើឲ្យវិទ្យុអាស៉ីសេរីបរាជ័យទាំងស្រុង។ លោកបានចាត់ទុកថា វិទ្យុនេះ គឺជាវិទ្យុរបស់ក្រុមឧទ្ទាមខុសច្បាប់ របស់អ្នកគាំទ្រប្រជាធិបតេយ្យក្លែងក្លាយតែប៉ុណ្ណោះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ឃើញថាវិទ្យុ RFA Khmer បានធ្វើការស្ទង់មតិអ្នកគាំទ្រនិងមិនគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ គឺទទួលបរាជ័យទាំងស្រុង។ ជាពិសេសការផ្សាយរបស់ RFA ចេញពី USA (សហរដ្ឋអាមេរិក) គឺជាវិទ្យុក្រុមឧទ្ទាមគាំទ្រអ្នកប្រជាធិបតេយ្យក្លែងក្លាយមួយចំនួន កំពុងរស់នៅក្រៅប្រទេសដើម្បី ផ្សាយព័ត៌មានញុះញុង់ ក្នុងគោលដៅបង្កើតវប្បធម៌លាបពណ៌ដាក់គ្នារវាងខ្មែរក្នុងប្រទេស និងខ្មែរក្រៅប្រទេស តាមសេនារីយោពួកបរទេសនិយម»។
បើតាមអ្នកនាំពាក្យគណបក្សខ្មែរតែមួយរូបនេះ វិទ្យុអាស៉ីសេរី បានបង្ហាញផែនការជាក់លាក់ ដើម្បីផ្សាយព័ត៌មានញុះញ៉ង់ ឲ្យប្រជាពលរដ្ឋខ្មែរងើបប្រឆាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ហើយវិទ្យុនេះ មិនខុសពីវិទ្យុអតីតខ្មែរក្រហមនៅជាយដែន ខ្មែរ-សៀមនោះទេ គឺផ្សាយព័ត៌មានបំភ័យប្រជាជនខ្មែររាល់ថ្ងៃ ក្នុងគោលដៅតស៊ូក្នុងជុំរំត្រីភាគីដើម្បីប្រឆាំងទៅនឹងរបបរដ្ឋកម្ពជា។ លោកបានបញ្ជាក់បន្ថែមថា «និយាយរួមក្នុងកាលៈទេសៈនេះ វិទ្យុអាស៉ីសេរីស្មើនឹងអតីតវិទ្យុខ្មែរក្រហម»។
គួររំឭកថា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងអស់ នៅក្នុងរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនោះ វិទ្យុអាស៊ីសេរីបានរៀបចំការស្ទង់មតិមួយ នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនរយៈពេល១សប្តាហ៍ ដើម្បីចង់ដឹងអំពី ចំណាប់អារម្មណ៍របស់ប្រជាជនខ្មែរថា គាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៦នេះឬទេ។
គិតត្រឹមវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ការស្ទង់មតិមានរយៈពេល៧ថ្ងៃហើយ (នៅជាង១៦ម៉ោងទៀតបញ្ចប់) តារាងបានបង្ហាញថា ពលរដ្ឋខ្មែរទទួលស្គាល់ រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើនដល់៩០% ហើយមិនទទួលស្គាល់មានតែ១០% ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាង៧.៥ម៉ឺននាក់ បានចូលរួមបោះឆ្នោត។
សូមជំរាបថា ក្រៅពីគណបក្សខ្មែរតែមួយ, នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលិខិតចំហរមួយច្បាប់ផ្ញើជូនវិទ្យុអាស៊ីសេរី ឲ្យហ៊ានយកលទ្ធផលពិតនេះ ធ្វើជាព័ត៌មានពិត ដើម្បីផ្សាយឲ្យពលរដ្ឋបានដឹង និងបកប្រែជាភាសាអង់គ្លេសឲ្យចំចំណុចដើម្បីផ្ញើរជូន Board of Governor នៃវិទ្យុអាស៊ីសេរី។
លោក សួន សេរីរដ្ឋា និងលោក ពេជ្រ ស្រស់ បានលើកឡើងស្រដៀងគ្នាថា បើសិនជា វិទ្យុអាស៊ីសេរី មិនហ៊ានយកលទ្ធផលនេះផ្សាយ បានន័យថា វិទ្យុអាស៊ីសេរី នេះគឺក្រុមគ្មានវិជ្ជាជីវៈ គ្មានឯករាជ្យ និងមិនហ៊ានលើកយកការពិតមកនិយាយ៕